អាមេរិកដាក់ទណ្ឌកម្ម ភរិយាប្រធានាធិបតីវេណេហ្ស៊ូអេឡា និងមន្ត្រីរដ្ឋាភិបាល ៥រូប
កាលពីថ្ងៃទី ២៥ខែកញ្ញា អាមេរិក បានសម្រេចដាក់ទណ្ឌកម្ម ថ្មីទៅលើភរិយាប្រធានាធិបតីវេណេហ្ស៊ូអេឡា និងសមាជិករដ្ឋាភិបាល៥រូប ។
តាមការប្រកាសរបស់ក្រសួង ហិរញ្ញវត្ថុអាមេរិក បានបញ្ចាក់ថា បុគ្គល៦នាក់ និង ក្រុមហ៊ុន៣ស្ថិតនៅក្នុងការដាក់ទណ្ឌកម្មថ្មីពីអាមេរិក ។បុគ្គល៦រូបដែលរងការដាក់ទណ្ឌកម្មនោះមាន ភរិយាប្រធានាធិបតី គឺលោកស្រីCilia Flores និងរដ្ឋមន្ត្រីការពារជាតិ លោក Vladimir Padrino ។ ក្រៅពីនេះទីក្រុងវ៉ាស៊ីតនោន ក៏បាន បង្កក់យន្តហោះផ្ទាល់ខ្លួនមួយគ្រឿងមានតម្លៃ ២០លានដុល្លារនៅអាមេរិក ដែលជារបស់មន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានចោទប្រកាន់ លោក Padrino អាយុ៥៥ឆ្នាំ ដែលបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិវេណេហ្ស៊ូអេឡា កាលពីឆ្នាំ ២០១៤ បានជួយការពារ ដល់រដ្ឋាភីបាល របស់ប្រធានាធិបតីម៉ាឌូរ៉ូ រក្សាអំណាច ។
រដ្ឋាភិបាលអាមេរិក ជាច្រើនលើកបានសម្រេចបង្កើនការដាក់ទណ្ឌកម្ម ប្រឆាំងប្រធានាធិបតីវេណេហ្ស៊ូអេឡា ដែលជាបុគ្គលធ្វើឲ្យប្រទេសនេះធ្លាក់នៅក្នុងភាពចលាចល វិបត្តិសេដ្ឋកិច្ច ។ នៅពេលនេះភាគីវេណេហ្ស៊ូអេឡាមិនទាន់វិភាគអ្វីជុំវិញ ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ទៅលើមន្ត្រីជាន់ខ្ពស់ ប្រទេសនេះនៅឡើយ។
វេណេហ្ស៊ូអេឡា ចោទប្រកាន់៣ប្រទេស នៅពីក្រោយការធ្វើឃាតប្រធានាធិបតី មិនបានសម្រេច
ប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានចោទប្រកាន់ប្រទេសឈីលី កូឡំបី និងមិចស៊ីកូ បានជួយដល់ក្រុម ភេរវកម្ម នៅក្នុងការធ្វើឃាតប្រធានាធិបតី នៅរដ្ឋធានី Caracas កាលពីខែសីហាកន្លងមក។
នៅពេលការវាយប្រហារកើតឡើង ប្រធានាធិបតីម៉ាឌូរ៉ូ កំពុងតែថ្លែងសន្តរកថាក្នុងឧកាស់ខួប៨១ឆ្នាំ ទិវាបង្កើតកម្លាំងការពារជាតិ ក៏ស្រាបតែ មាន ឧប្បករណ៍ហោះហើរគ្មានមនុស្សបើក ផ្ទុកដោយរំសេវផ្ទុះ បានហោះសម្តៅ លោក ម៉ាឌូរ៉ូ ប៉ុន្តែ ត្រូវកម្លាំងការពារ បាញ់កម្ទេច ។ ប្រធានាធិបតីវេណេហ្ស៊ូអេឡា រួចផុតពីការស្លាប់ ប៉ុន្តែទាហាន ៧នាក់បានរងរបួស ក្នុងហេតុការនោះ។
កាលពីថ្ងៃទី២៥ខែកញ្ញា រដ្ឋាភិបាលវេណេហ្ស៊ូអេឡា បានបង្ហាញឃ្លីបវីដីអូ ដោយយុវជនម្នាក់ឈ្មោះ Henryberth Rivas បានសារភាពពីការវាយប្រហារខាងលើ ហើយមានការបើកផ្លូវឲ្យចូលលាក់ខ្លួននៅក្នុងស្ថានទូត ៣ប្រទេសខាងលើ ។ ប៉ុន្តែគម្រោងត្រូវបានបែកធ្លាក់ ហើយយុវជននោះត្រូវបានចាប់ខ្លួន។
មកទលពេលនេះវេណេហ្ស៊ូអេឡាបានចាប់ខ្លួនមនុស្ស១០នាក់ដែលពាក់ព័ន្ធ ហើយក៏បានចោទប្រកាន់ប្រទេសប៉េរ៉ូក៏ជាប់ពាក់ព័ន្ធផងដែរ ។ ប៉ុន្តែភាគីទាំងអស់បានច្រានចោលនៅការចោទប្រកាន់ខាងលើ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។