ឯកឧត្តម សុខ លូ អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ មន្ទីរបរិស្ថានខេត្តកំពង់ធំ

កំពង់ធំ៖មន្ទីរបរិស្ថានខេត្តកំពង់ធំ សហការជាមួយជាមួយក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ក្រោម

អធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក អាង ច័ន្ទធឿន អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងសហការី នាយក នាយករង និងមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិទាំង០៦ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ សរុបប្រមាណជិត ១០០នាក់។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ មានមតិស្វាគមន៍លើកឡើងថា នៅក្នុងខេត្តកំពង់ធំ មានតំបន់ការពារធម្មជាតិចំនួន០៦កន្លែង ដែលមានវិសាលភាពធំទូលាយ តែមានមន្រ្តីឧទ្យានុរក្សតែចំនួន ៨៥នាក់ ការគ្រប់គ្រងតំបន់ការពារធម្មជាតិមានការចន្លោះប្រហោងច្រើន ដែលទាមទារអោយមានការបង្កើនចំនួនមន្រ្តីឧទ្យានុរក្ស និងបង្កើនជំនាញ និងចំណេះដឹងរបស់ពួកគាត់ បន្ថែមពីលើអ្វីដែលពួកគាត់មាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណគុណដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលកន្លងមកឯកឧត្តមរដ្ឋមន្ត្រី មានការយកចិត្តទុកដាក់ ចុះពិនិត្យទីតំាងជាក់ស្តែងនៅតាមតំបន់ការពារធម្មជាតិទាំង ០៦កន្លែងសម្រាប់ខេត្តកំពង់ធំ និងថ្លែងអំណរគុណ ដល់លោក អនុប្រធាន និងសហការី នៃនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអង្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដ៏មានតម្លៃក្នុងការផ្តល់ជំនាញចំណេះដឹងដ៏សំខាន់ ដើម្បីបង្កើនសមត្ថភាពនៃការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ របស់មន្ត្រីបរិស្ថានខេត្តកំពង់ធំ ។

ឯកឧត្តមបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះនឹងជួយសិក្ខាកាមទាំងអស់ ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ និងចូលរួមទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ដែលកំពុងកើតមានគ្រប់ទីកន្លែងនៅក្នុងតំបន់ការពារធម្មជាតិ រួមទាំងនៅក្នុងសហគមន៍ផងដែរ។ លើសពីនេះទៀត ឯកឧត្តម ណែនាំដល់មន្រ្តីទ្យានុរក្សទាំងអស់ ត្រូវគោរពនូវតួនាទី សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របទៅតាមច្បាប់ និងគោលការណ៍ណែនាំ របស់ក្រសួងបរិស្ថាន កុំអោយមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ថាអ្នកដែលកាន់ច្បាប់គឺជាអ្នករំលោភច្បាប់ ។

ចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើដល់ លោកនាយក នាយករង និងមន្ត្រីទ្យានុរក្សទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ រៀនសូត្រ សាកសួរសំនួរដែលពាក់ព័ន្ធនឹងភាពស្រពិចស្រពិលរបស់ខ្លួនដែលមានពីមុនមក ដើម្បីបំបាត់ភាពចម្ងល់ និងយកទៅអនុវត្តភារកិច្ចរបស់ខ្លួនបានដោយជោគជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close