ឯកឧត្តម ឃួ​ង ស្រេង បន្ត​ដឹកនាំ​កម្លាំង​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ ចេញពី​តំបន់​ទឹក​លិច នៅ​ខណ្ឌដង្កោ​

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង កាលពី​យប់​ថ្ងៃ​២៧ ខែតុលា ឆ្នាំ​២០២១ បាន​បន្ត​ដឹកនាំ​កម្លាំង​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ចេញពី​តំបន់​ទឹក​លិច នៅ​ខណ្ឌដង្កោ​។

ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើងថា ការអនុវត្ត​តាម​អនុសា​ស​ន៌​សម្ដេច​តេ​ជោ ហ៊ុន សែន អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ សំខាន់​មើលថែ និង​ការ​ការ​រពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ជា​កត្តា​សំខាន់ និង​មិនឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ​ឡើយ​។ សម្រាប់​រាជធានី​ភ្នំពេញ បាន​ត្រៀម​អង្ករ​ចំនួន ១០០០​តោន ជា​រៀង​រាល់ពេល​ដោះស្រាយ​ជាយថាហេតុ ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​។​

​យោងតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​សង្កាត់ និង​អាជ្ញាធរ​ខណ្ឌដង្កោ បានឱ្យដឹងថា នៅក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​មាន​សង្កាត់​ចំនួន ១០​ហើយ ដែល​ទទួល​ការរង​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០០០​គ្រួសារ បាន​ទទួលរង​ផលប៉ះពាល់ ហើយ​ចំនួន​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​គ្រោង​នឹង​នាំយក​ជំនួយ​របស់​សម្ដេច​តេ​ជោ​ទៅ​ចែកជូន​ពួកគាត់​ផងដែរ​។

​សូមបញ្ជាក់ថា នៅ​យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ ទាំង​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ទាហាន រួន​នឹង​ឧបករណ៍​សម្ភារ បាន​ត្រៀម​រួចរាល់​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នៅពេលដែល​ពួកគាត់​ជួប​ហានិភ័យ​ដោយ​ទឹកជំនន់ ទោះ​ឆ្នាំនេះ​ស្ថានភាព​លិចលង់​នៅក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​មាន​ទំហំ​តូច​ជាង​ឆ្នាំ​កន្លងទៅ​ក៏ដោយ​។

​ទន្ទឹមនឹងនេះ កម្លាំង​ទាំងអស់​បាន​ត្រៀម និង​ឈរជើង​រួចស្រេច​ហើយ​នៅ​ទីបញ្ជាការ​ស្រាល ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧ មុខ​ផ្សារ​ព្រែក​ជ្រៃ ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close