ឯកឧត្តម គួច ចំរើន ដោះស្រាយ​បញ្ចប់ទំនាស់​ដី​វត្ត ក្នុងស្រុក​កំពង់សីលា និង​ដកហូត​ប្រគេន​ជា​ទ្រព្យ​គរុភណ្ឌ​របស់​វត្ត​វិញ

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវ​ដោះស្រាយ​បញ្ចប់ទំនាស់ នៃ​ការរំលោភ​ដី​វត្ត​ព្រៃ​ប្រសិទ្ធិ ស្ថិតនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ដោយមាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​ថា មាន​បុគ្គល​មួយចំនួន​បាន​យក​ដី​វត្ត​ពុះ​ជា​ឡូ​ត៌​ចែកគ្នា​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ទើប​រដ្ឋបាលខេត្ត​បាន​បង្កើត​គណៈកម្មការ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ពី​ប្រ​វត្ត​ដី​នៅ​បរិវេណ​វត្ត​ព្រៃ​ប្រសិទ្ធ ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ និង​បាន​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​សួរនាំ និង​បង្ហាញ​ឯកសារ​កាន់កាប់​ដី​។
​
ក្នុង​ការចុះ​អង្កេត​ស្រាវជ្រាវ​ក្រុមការងារ​បាន​ប្រមូល​ឯកសារ និង​រកឃើញ​អ្នក​ក្លែងបន្លំ​ឯកសារ​កាន់កាប់​ដី​ចំនួន ៥​នាក់ ហើយ​អ្នក​ទាំង​៥​នាក់ ក៏បាន​ធ្វើការ​សារភាព​នូវ​ទោសកំហុស​របស់ខ្លួន ព្រមទាំង​បានប្រគល់​ដី​ដែល​ពួកខ្លួន​បាន​ចាប់​ជូន​វត្ត​វិញ​។

​ឯកឧត្តម អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​បាន និង​កំពុង​ប្រើប្រាស់​ក្លែង​ឯកសារ​យក​ដី​រដ្ឋ ឬ​ដីឯកជន​ដោយ​ខុសច្បាប់ សូម​ប្រ​ញ៉ាប់​ប្រគល់​ឯកសារ​ទាំងនោះ​មកឱ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ដើម្បី​មោឃ​:​ភាព​វិញ ប្រសិនបើ​យក​ឯកសារ​ក្លែង​ទៅប្រើ​ប្រាស់ នឹងត្រូវ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។

​ឯកឧត្តម​អភិបាលខេត្ត បានប្រកាសថា​ចាប់ពី​ថ្ងៃនេះ​តទៅ ដី​នេះ​ជា​គរុភណ្ឌ​របស់​វត្ត ដែល​គ្មាន​បុគ្គល​ណា​ម្នាក់ អាច​ប៉ះពាល់​បាន​តទៅទៀត​ទេ ព្រមទាំង​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ អាជ្ញាធរ រៀបចំ​ចុះបញ្ជី​ដី​វត្ត ជា​ទ្រព្យសម្បត្តិ​រដ្ឋ និង​កៀរគរ​រក​សប្បុរសជន ប្រជាពលរដ្ឋ​ចំណុះជើងវត្ត សហការគ្នា​រៀបចំ​ធ្វើ​របង​សីមា​វត្ត​ប្រសិទ្ធ ដើម្បី​គ្រប់គ្រង​ជា​គរុភណ្ឌ​របស់​វត្ត​ចាប់ពីពេលនេះ​តទៅ​។

​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ប្រគេន​បច្ច័យ ចំនួន​២០០០(​ពីរពាន់​ដុល្លា​) និង​ស៊ីម៉ង់ត៍​ចំនួន​១៥​តោន ដើម្បី​ផ្តួចផ្តើម​កសាងរ​បងការ​ពារ​ដី​វត្ត​ឱ្យបាន​គង់វង្ស​ដើម្បី​ទុកជា​សម្បត្តិ​សាធារណៈ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close