ក្រោយ​ការឆ្លង​កូ​វី​ឌ​១៩ កើនឡើង​ទីក្រុង​មូ​ស្គូ​បិទ​សាលារៀន និង​ទីតាំង​នានា​ជាច្រើន​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​ផ្សាយ​ថា សាលារៀន ហាង​លក់ទំនិញ​ភោជនីយដ្ឋាន ហាង​កាហ្វេ ក្លឹប​ហាត់ប្រាណ …​នឹងត្រូវ​បិទទ្វារ​រហូតដល់​ទៅ​ថ្ងៃទី ៧​ខែវិច្ឆិកា ដោយសារ​តែមាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ខ្ពស់​។ ការបិទទ្វារ​ខាងលើ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែខ្លាំង​។​

​សកម្មភាព​ខាងលើ​កើតឡើង​ក្នុងពេលដែល​ទីក្រុង​មូ​ស្កូ កំពុងតែ​ខិតខំ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ក្រោយពេល​មាន​ករណី​ឆ្លង​និង​ស្លាប់​កើនឡើង​ខ្ពស់​។ រុស្ស៊ី​គឺជា​ប្រទេស​ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​កូ​វីដ ១៩ នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន ដោយមាន​អ្នកស្លាប់ ជាង​២៣០​ពាន់​នាក់ ។ បើទោះបី​រដ្ឋា​ភី​បាល ខិតខំ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩ ដោយបាន​ខិតខំ​បង្កើន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ។ មកទល់ពេលនេះ​មាន​ពលរដ្ឋ​រុស្ស៊ី​ទើបតែ​ជាង ៣២%​ប៉ុណ្ណោះ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ ។​

​កាលពី​សប្តាហ៍​កន្លងមក ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន បានអនុញ្ញាត​ឲ្យ​កម្មករ ពលករ​ឈប់សម្រាក់​រយៈពេល​១​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៣០​ខែតុលា ដល់​ថ្ងៃទី ៧​ខែវិច្ឆិកា ហើយ​ទទួលបាន​ប្រាក់ខែ​ដដែល​។ សកម្មភាព​ខាងលើ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ថ្មី​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ តាម​ការ​ស្ទង​មតិ មាន​ពលរដ្ឋ​នៅ​ទីក្រុង​មូ​ស្គូ​ដល់​ទៅ​៣៣% ឡើង​គម្រោង​ធ្វើដំណើរ​កម្សាន្ត​ក្នុងពេល​ឈប់​សម្រាប់ ដោយ​ភាគច្រើន​ទៅកាន់​ទីក្រុង Sochi ។ វិមាន​ប្រធានាធិបតី​រុស្ស៊ី​បានស្នើ​ដល់​ពលរដ្ឋ​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​កម្សាន្ត​ជុំគ្នា​ច្រើន​អាច​ឆ្លង​កូ​វីដ​១៩ ។​

​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមក​រុស្ស៊ី​មាន​អ្នកស្លាប់​ដោយ​កូ​វីដ​១៩ ចំនួន ១១៥៩​នាក់ គឺជា​ចំនួន​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុនមក ធ្វើ​ឲ្យ​អ្នកស្លាប់​កើនឡើង​ដល់​ទៅ ២៣៥.០៥៧​នាក់ ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​តំបន់​អឺរ៉ុប​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close