១០ខែ ឆ្នាំនេះ! ការនាំចេញកសិផលរបស់កម្ពុជា ទំហំជាង ៤ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៦ ៣៦៤ ៦០៧,២៤ តោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួន ២ ៩៧០ ៦៩១,៦០តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៣៩៣ ៩១៥,៦៤តោន។

កសិផលសំខាន់ៗ ដែលបាននាំចេញ រួមមាន៖ អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម
ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់
ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលចំនួន ៨៤មុខផ្សេងទៀត។
តម្លៃនៃការនាំចេញកសិផល ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៦៩២ ១៨៣ ១៨៩,៣៧ដុល្លារអាមេរិក ដែលក្នុងនោះ៖
ការនាំចេញអង្ករមានចំនួន ៣៩២ ៩៨៤ ៣២៦ដុល្លារអាមេរិក
ការនាំចេញស្រូវមានចំនួន ៤៦៥ ៤៩៨ ២៥០ដុល្លារអាមេរិក
ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៨៣៣ ៧០០ ៦១៣,៣៧ដុល្លារអាមេរិក។
សម្រាប់ការការនាំចេញកសិផលសរុប ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានកំណើនចំនួន ៨៧,៥៣% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៦,៦២% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រ ទំហំ ២០ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ ដោយបច្ចុប្បន្ន សម្បូរទៅដោយទូរកុងតេន័រដែលមានទំហំ ៤០ហ្វិត ដែលមិនអាចប្រើប្រាស់បានឲ្យស្របតាមបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូន ព្រោះផ្ទុកទៅនឹងលើសទម្ងន់កំណត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។