ខ្យង​គោក​យក្ស​កម្ពុជា​ពិត​ជាមាន​វត្តមាន​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា

​ខ្យង​គោក​យក្ស​កម្ពុជា (Bertia cambojiensis) គឺជា​ប្រភេទ​ខ្យង​ដែលមាន​សម្បក​ធំ រស់នៅ​លើគោក​ក្នុង​ព្រៃស្រោង និង​ត្រូវបាន​ពិពណ៌នា​ដំបូង​ដោយ​អ្នក​ធម្មជាតិវិទូរ​បារាំ​ង​ឈ្មោះ Henri Mouhot នៅ​ឆ្នាំ​១៨៦០ ពី​កន្លែង​មួយ​ឈ្មោះថា Brelum (​ជា​ភាសា​បារាំង​) នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​ដោយសារ​ថា ចំណុច​និយាម​ការ​នៃ​ទីតាំង​នោះ​ពុំមាន​ការកត់ត្រា​ច្បាស់លាស់ ទើប​អ្នកស្រាវជ្រាវ​ក្រោយៗ​មក​មានការ​លំបាក​ក្នុង​ការកំណត់​ទីកន្លែង​ជាក់លាក់​ណាមួយ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

​ជាងនេះទៀត ព័ត៌មាន​អំពី​ប្រភេទ​ខ្យង​គោក​យក្ស​កម្ពុជា​នេះ​បាន​បាត់​ស្ងាត់ឈឹង​ដោយសារ​កង្វះ​ការស្រាវជ្រាវ និង​សង្គ្រាមស៊ីវិល​ក្នុងប្រទេស ហើយ​ប្រការនេះ​នាំឱ្យមាន​អ្នកវិភាគ​ខ្លះ​និយាយថា ប្រភេទ​ខ្យង​នេះ​ពុំមាន​វត្ត​មាននៅ​កម្ពុជា​ទៀតឡើយ (Sutcharit et al., 2019)​។​

​ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​ក្រសួងបរិស្ថាន​សហការ​ជាមួយ​អ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​អភិរក្ស​ជីវៈចម្រុះ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រទះឃើញ​ប្រភេទ​ខ្យង​នេះ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្នុង​ខេត្តមណ្ឌលគិរី នា​ឆ្នាំ​២០១៨ ហើយ​ជា​លទ្ធផល​បាន​ប្រមូល​សំណាក​មក​រក្សាទុក​នៅ​សារមន្ទីរ​សត្តវិទ្យា​ជីវៈចម្រុះ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

តាមរយៈ​របក​កំ​ហើ​ញ​ឡើងវិញ​នេះ ក្រុម​ស្រាវជ្រាវ​ក៏បាន​បោះ​ពុ​ម្ភ​ផ្សាយ​ពី​ប្រភេទ​ខ្យង​យក្ស​នេះ​ក្នុង​ទស្សនាវដ្ដី​ស្រាវជ្រាវ​វិទ្យាសាស្ត្រ CJNH នៅ​ឆ្នាំ​២០១៩​។
​របកគំហើញ​នេះ​គឺជា​ការបញ្ជាក់​ឱ្យ​កាន់តែច្បាស់​ថា ខ្យង​គោក​យក្ស​កម្ពុជា​ពិត​ជាមាន​វត្តមាន​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា ហើយក៏​ស្របទៅតាម​ការដាក់​ឈ្មោះរ​បស់​អ្នកស្រាវជ្រាវ​ដំបូង​ថា Bertia cambojiensis ដែល​ជាការ​សម្គាល់​ទីតាំង​ភូមិ​សស្ត្រ​ប្រទេស​កម្ពុជា (cambojiensis)​។

ទោះបីជា​មានការ​បញ្ជាក់​ពី​ការរកឃើញ​ឡើងវិញ​នៃ​ប្រភេទ​ខ្យង​នេះ​ក្នុងប្រទេស​កម្ពុជា​ក៏ដោយ ក៏​ព័ត៌មាន​អំពី​របាយ​នៃ​ប្រភេទ ចំនួន​សរុប (​ប៉ូ​ពុ​យ​ឡា​ស្យុ​ង​) និង​កត្តា​គំរាមកំហែង​លើ​ប្រភេទ​ខ្យង​នេះ​នៅមានកម្រិត​នៅឡើយ ដែល​ប្រការ​ទាំងនេះ​តម្រូវឱ្យមាន​ការសិក្សា​ស្រាវជ្រាវ​បន្ថែម និង​ចាត់វិធានការ​ការពារ​ឱ្យមាន​ប្រសិទ្ធភាព​។​

សូមបញ្ជាក់ថា ខ្យង​គោក​យក្ស​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​ចំណាត់​ថា្នក់​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​ជា​សាកល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ពីព្រោះ ខ្យង​នេះ​មាន​វត្តមាន​តិចតួច​ប៉ុណ្ណោះ​ក្នុងប្រទេស​វៀតណាម និង​ពុំមាន​ទិន្នន័យ​ក្នុងប្រទេស​កម្ពុជា​ឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close