សម្តេច​តេ​ជោ ប្រកាស​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើងវិញ ចាប់ពី​ថ្ងៃទី​១ វិច្ឆិកា​នេះ តទៅ និង​អំពាវនាវ​ដល់​ពលរដ្ឋ ឱ្យ​រៀន​រស់នៅ តាមបែប​គន្លង​ថ្មី​

​ភ្នំពេញ​៖ នៅក្នុង​ពិធី​ប្រកាស​បិទ​ជា​ផ្លូវ​ការកម្រិត​ថ្នាក់ជាតិ​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជុំ​ទី​១ និង​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កុមារ​អាយុ​៥​ឆ្នាំ ដោយ​នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា បានប្រកាស​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើងវិញ ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​តទៅ និង​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​រៀន​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាមបែប​គន្លង​ថ្មី​។​

​ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្រាប់​អ្នកមាន​អាយុ​៦​ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​សម្រាប់​ក្មេង​អាយុ​៥​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នា​វិមាន​សន្តិភាព​។​ ​ក្នុងពេល​នោះដែរ សម្តេច​ក៏បាន​មានប្រសាសន៍​សំខាន់ៗ​ទាក់ទង​នឹង​ចំណុច​ផ្សេងៗ​ទៀត​ដែរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា​មានបំណង​សហការ​ជាមួយ​ថៃ ដើម្បី​នាំយក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទៅ​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅក្នុង​ទឹកដី​ថៃ​ទៀតផង​។ សម្តេច​តេ​ជោ បាន​បន្តថា យើង​បាន​ពិភាក្សាគ្នា​ខ្លះ​ដែរ​ជាមួយ​ភាគី​ថៃ ដូច្នេះ​ប្រសិន​ថា បាន​ឬ​មិនបាន សូម​ពលរដ្ឋ​ខ្មែរ​យើង​នៅ​ថៃ​មានការ​យោគយល់ ព្រោះ​វា​អាស្រ័យ​លើ​រដ្ឋាភិបាល​ថៃ​ដែរ តើ​អនុញ្ញាត​ដែរឬទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ បាន​ជាង​១៣​លាន​នាក់​ហើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ និង​ជប៉ុន បានទទួល​ចាក់​វ៉ាក់សាំង​បាន​១០០​ភាគរយ​ដែរ​។​

​ក្រៅពីនេះ ទាក់​ទឹង​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា មកដល់ពេលនេះ​មាន​អ្នក​ជម្ងឺ​កូ​វីដ​-១៩ ចំនួន ១១០០​នាក់​ហើយ កំពុង​សម្រាក​ព្យាបាល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។ សម្តេច​តេ​ជោ បាន​ថ្លែងថា បច្ចុប្បន្ននេះ អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ភាគច្រើន​គឺ​មិនបាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ។
​សម្តេច​ក៏​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅតាម​ទីតាំង​នានា ដែល​កំណត់ដោយ​អាជ្ញាធរ​រាជធានី​-​ខេត្ត ទូទាំងប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close