វៀតណាម រកឃើញករណីវិជ្ជមានកូវីដ ជាង៥ពាន់នាក់ និងស្លាប់៥៣នាក់ទៀត

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន៥,៥១៩ករណីបន្ថែមទៀត កាលពីថ្ងៃទី៣១ តុលាម្សិលមិញ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៥ករណីប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញ ដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់១,០៤១នាក់។
ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៥៣នាក់បន្ថែមទៀត។
គិតត្រឹមយប់ថ្ងៃទី៣១ ខែតុលា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩២១,១២២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨២០,៣៣៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,០៨៣នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។