យុវជនម្នាក់ បើកម៉ូតូដួលចូលក្រោមរថយន្ត កិនស្លាប់ភ្លាមៗ នៅស្រុកសង្កែ
ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយម៉ូតូ និងរថយន្ត បណ្តាលឲ្យយុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្រុមទី២ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

នគរបាលស្រុកសង្កែ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W-9775 បើកបរក្នុងទិសដៅពីកើតទៅលិចមិនប្រកាន់ស្តាំ បានជ្រុលទៅបុកជាមួយរថយន្ត ម៉ាកកាមរី សេរីឆ្នាំ២០០៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2B-5171 បញ្ច្រាស់ទិសគ្នា ហើយក៏ដួលចូលក្រោមរថយន្តធុនធ្ងន់ ១គ្រឿងទៀត មិនស្គាល់ម៉ាក បើកបរស្របទិសគ្នា ត្រូវកិនស្លាប់ភ្លាមៗ នៅកន្លែងតែម្តង។
ជនរងគ្រោះឈ្មោះ រ៉ាយ សារឿង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ រីឯអ្នកបើកបរម្ខាងទៀត ឈ្មោះ ស៊ីន សុខា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំណែករថយន្តធំ អ្នកបើកបរបានរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ នគរបាលស្រុក បានចុះវាស់វែង រួចដកហូតមធ្យោបាយបង្កទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដំណោះស្រាយតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។