ឯកឧត្ដម ថោង ខុន ណែនាំ​ចំណុច​សំខាន់ៗ​ចំនួន​៦ ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដើម្បី​ត្រៀម​បើកទទួល​ទេសចរ​វ៉ាក់សាំង​!

​ខេត្ត​ព្រះសីហនុ​៖ ដើម្បី​ជាការ​ត្រៀម​ក្នុងការ​បើកទទួល​ភ្ញៀវ​ទេសចរ​វ៉ាក់សាំង​សម្រាប់​ដំណាក់កាល​ទី​១ នា​ចុងខែ​វិច្ឆិកា​នេះ ឱ្យ​ទទួលបាន​ជោគជ័យ​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​គោលដៅ​ទេសចរ​សុ​វត្តិភាព ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានដាក់​ចេញ​អនុសាសន៍​ណែនាំ​៦​ចំណុច ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​រដ្ឋបាល​ខេត្តកោះកុង អនុវត្ត​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្ដម ថោង ខុន បានដាក់​ចេញ​អនុសាសន៍​ណែនាំ​ដូចនេះ​នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី កា​រៀបចំ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង និង​តារា​សាគរ ជា​គោលដៅ​ទទួល​ទេសចរ​វ៉ាក់សាំង ដែល​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​, លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង មន្ត្រី​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​ផងដែរ​។​

​អនុសាសន៍​ណែនាំ​ទាំង​៦​ចំណុច​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន រួមមាន​៖
​ទី​១៖ ស្នើ​ដល់​លេខាធិការដ្ឋាន សហការ​បន្ទាន់​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ចាត់តាំង​ក្រុមការងារ​ចម្រុះ​មួយ ដោយ​ចាប់ផ្តើម​ការងារ​ចាប់ពីពេលនេះ​តែម្តង​។ ក្រុមការងារ​ចម្រុះ​នេះ​ត្រូវ​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ព័ត៌មាន និង​ជា​ក្បាលម៉ាស៊ីន សម្រេច​កិច្ចការ​នានា នៅតាម​តំបន់​សុវត្ថិភាព​ដែល​បាន​ចង្អុល​ដោយ «​ផែនការ​យុទ្ធសាស្ត្រ បើកទទួល​ទេសចរណ៍​វ៉ាក់សាំង​»​។​
​ទី​២៖ ស្នើឱ្យ​មានការ​គ្រប់គ្រង​ស្ថិតិ និង​អត្តសញ្ញាណ អ្នកដំណើរ​ចេញចូល​តំបន់​គោលដៅ​សុវត្ថិភាព ជា​កិច្ចការ​ស្នូល និង​ត្រូវ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​មួយ​តាមបែប​បច្ចេកវិទ្យា ។​
​ទី​៣៖ ស្នើ​ដល់​រដ្ឋបាលខេត្ត​ទាំង​២ មេត្តា​បង្កើន​ការយកចិត្ត​ទុក​បន្ថែមទៀត​ចំពោះ​ការប្រតិបត្តិ​នូវ​លក្ខណវិនិច្ឆ័យ​ទាំងឡាយ​នៃ «​ស្តង់ដា​ទីក្រុង​ស្អាត​» ជាពិសេស​ចំពោះ សូចនាករ​ដែល​ពាក់ព័ន្ធ​នឹង​ភាព​ស្អាត អនាម័យ និង​ការគ្រប់គ្រង​សំណល់​ឱ្យបាន​ត្រឹមត្រូវ​។​
​ទី​៤៖ ស្នើ​ដល់​រដ្ឋបាលខេត្ត​ទាំង​២ សិក្សា​លទ្ធភាព​បន្ថែម​អំពី​ការតភ្ជាប់​តាម​ជើងហោះហើរ នូវ​ការតភ្ជាប់​តាម​ជើង​ទឹក និង​ជើងគោក​ផងដែរ ជាពិសេស​ការតភ្ជាប់ រវាង​តំបន់​សុវត្ថិភាព​មួយ ទៅ​តំបន់​សុវត្ថិភាព​មួយទៀត «​ក្រុងព្រះសីហនុ​-​ក្រុង​កោះរ៉ុង​-​តារា​សាគរ​»​។​
​ទី​៥៖ ស្នើ​ដល់​រដ្ឋបាលខេត្ត​ទាំង​២ យកចិត្តទុកដាក់​ជម្រុញ​ប្រតិបត្តិ​ករ​ទេសចរណ៍ ដែល​ស្ថិតក្រោម​ដែន​សមត្ថភាព​របស់ខ្លួន​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ឱ្យ​កាន់តែ​ប្រសើរ​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​ក្នុង​វិស័យ​ទេសចរណ៍ និង​ត្រូវ​ត្រួតពិនិត្យ​នៅតាម​បណ្តា​កន្លែង​អាជីវកម្ម​ក្នុង​ខេត្ត ដែល​មិនទាន់ អនុវត្ត បាន​នូវ​វិធាន សុ​វ​ត្ដិ​ភាព​ទេសចរណ៍ (SOP) ត្រូវ​ពង្រឹង​ការរៀបចំ​ទីតាំង និង​ស្នើសុំ​ឡា​បិ​ល​វិធាន​សុវត្ថិភាព​ទេសចរណ៍ មុននឹង​អនុញ្ញាតឱ្យ​បន្ត​បើក​ដំណើរការ ។​
​ទី​៦៖ ស្នើឱ្យ​មានការ​ប្រជុំ​តាមដាន​រៀងរាល់​សប្តាហ៍ ដែល​អ្នកទទួលខុសត្រូវ​តាម​ផែន​នីមួយៗ ត្រូវ​រាយការណ៍​បច្ចុប្បន្នភាព​ការងារ​របស់ខ្លួន​ជាប់​ជាប្រចាំ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ថែមថា នីតិវិធី​នៃ​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង មានកំណត់​រួចជាស្រេច​នូវ​វិធីសាស្ត្រ​ក្នុងការ​ជ្រើសរើស​តំបន់ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព នូវ​សូចនាករ​សមិទ្ធកម្ម​ដូចជា អត្រា​នៃ​ការចាក់​វ៉ាក់សាំង​៖ យ៉ាងតិច ៨០%​នៃ​ចំនួន​ប្រជាជន​សរុប​, អត្រា​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​មធ្យម និង​កម្រិតធ្ងន់​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ និង​អត្រា​ស្លាប់​នៃ​អ្នកជំងឺ​ឆ្លង​ថ្មី ចុងក្រោយ​ដូចគ្នា​, ការវាយតម្លៃ​ចំពោះ​សមត្ថភាព ឆ្លើយតប ព្យាបាល និង​ការគ្រប់គ្រង​ហានិភ័យ​របស់​គោលដៅ​នោះ និង​ត្រៀមលក្ខណៈ​នៃ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​ក្នុងនោះ​មាន​សូចនាករ រង្វាស់​ចំនួន ០២​បន្ថែម ទៀត​គឺ​យ៉ាងហោច​អាជីវកម្ម​ទេសចរណ៍ ៧៥% ទទួលបាន​ឡា​បិ​ល​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់គ្នា បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បន្ថែមថា សម្រាប់​ទេសចរ​អន្តរ​ជាតិ ដែល​មកពី​ក្រៅប្រទេស​ត្រូវតែ​ធ្វើដំណើរ​តាម​យន្តហោះ​ដើម្បី​មកកាន់​ក្រុងព្រះសីហនុ ឬ​ភ្ជាប់​ជើងហោះហើរ មកពី​ភ្នំពេញ ដែល​ធានាបាន​នូវ​សុវត្ថិភាព សម្រាប់​ទេសចរ​វ៉ាក់សាំង ក្នុងនោះ​ការ​ចល័ត​ពី​គោលដៅ​សុ​វត្តិភាព ក្រុងព្រះសីហនុ​ទៅ ក្រុង​កោះរ៉ុង និង​តារា​សាគរ ឬ​ទៅ​គោលដៅ​កោះ​ដែលមាន​សុវត្ថិភាព ផ្សេងទៀត​ក្នុង​ខេត្ត ត្រូវតែ​ធ្វើដំណើរ​តាម​កប៉ាល់ ដើម្បីឱ្យ​រដ្ឋបាលខេត្ត អាច​គ្រប់គ្រង​បាន​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ថែមថា សម្រាប់​ភ្ញៀវទេសចរ​មក​តំបន់​សុវត្ថិភាព​នេះ មិនមាន​តម្រូវឱ្យ​មានកក់​ប្រាក់​នោះទេ ការចំណាយ​ត្រូវធ្វើ​កិច្ចសន្យា​ផ្ទាល់​ជា​កញ្ចប់​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍ ឬ​ជាមួយ​សណ្ឋាគារ​ក្នុង​តំបន់​សុ​វត្តិភាព ដែល​បាន​កក់​ទុកជាមុន​គឺអាច​ទូទាត់​ជាមួយ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដោយ​ខ្លួនឯង​តែម្តង តែ​តម្រូវឱ្យមាន​ការបង់​ធា​រ៉ាប់រង​ចំនួន​តែ ៩០​ដុល្លារ ដើ​ម្ប​ធានា​រ៉​ប់រង​លើក​ការព្យាបាល​ក្នុងករណី​កើតមាន​ជំងឺ ដែល​ការធានា​នេះ​មាន​ទំហំ​ទឹកប្រាក់​ធានា រហូតដល់​៥​ម៉ឺន​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close