សិស្សឆ្នើម ០៣នាក់ មកពីវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស ទទួលបានការលើកទឹកចិត្តពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!
ការលើកទឹកចិត្តគឺជាមូលដ្ឋានគ្រឹះមួយ ក្នុងការជួយអភិវឌ្ឍន៍ធនធានមនុស្ស។
ដើម្បីសម្រេចកិច្ចការ ក្រៅពីសមត្ថភាព ពេលវេលា និងធនធាន ក៏មិនអាចខ្វះបាននូវកម្លាំងចិត្តដើម្បីជួយជម្រុញជាចាំបាច់ផងដែរ។ ដោយមើលឃើញពីសារសំខាន់ នៃការលើកទឹកចិត្ត ជារៀងរាល់ឆ្នាំ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមលើកទឹកចិត្តសិស្សានុសិស្ស ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឯកឧត្តមតែងតែផ្តល់ អំណោយ ម៉ូតូហុងដាសេរីថ្មី កុំព្យូទ័រយួរដៃ(ឡែបថប) ថវិកា ព្រមទាំងសម្ភារៈសិក្សាមួយចំនួន ជូនដល់សិស្សប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលបានទទួលនិទ្ទេសA, B និង សិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដែលបាននិទ្ទេសល្អ ព្រមទាំងផ្តល់កង់និងសម្ភារៈសិក្សាផ្សេងៗជូនសិស្សក្រីក្រជាច្រើនរយនាក់ទៀតក្នុងសង្កាត់ព្រែកកំពឹសទាំងមូល។
នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួបសំណេះសំណាលជាមួយសិស្សឆ្នើមចំនួន ០៣នាក់ មកពីវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស រួមជាមួយនិងឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងបានផ្តល់អំណោយលើកទឹកចិត្ត ចំពោះលទ្ធផលប្រលងរបស់សិស្សឆ្នើមទាំង០៣ ប្រកបដោយភាពស្និតស្នាលកក់ក្តៅ។ សិស្សឆ្នើមដែលទទួលបានអំណោយពីឯកឧត្តម រ័ត្ន ស្រ៊ាង ក្នុងឆ្នាំសិក្សា២០១៧-២០១៨ រួមមាន០២នាក់ជាសិស្សទើបបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសB និងម្នាក់ទៀតជាសិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនិទ្ទេសល្អ ក្នុងនោះម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ(Labtop) ០១គ្រឿង ថវិកា ៤០ម៉ឺនរៀល និងកាបូបស្ពាយ០១ (ប្រសិនបើមានអ្នកបាននិទ្ទេសA នឹងទទួលបានម៉ូតូហុងដាសេរីថ្មី០១គ្រឿងបន្ថែមពីលើទៀត)។
ក្នុងឱកាសនោះផងដែរ ទាំងឪពុកម្តាយអាណាព្យាបាល ក៏ដូចជាសិស្សឆ្នើមទាំង ០៣នាក់ បានបញ្ចេញនូវទឹកមុខញញឹមញញែម រំភើបសប្បាយរីករាយយ៉ាងខ្លាំង រហូតស្ទើរតែនិយាយពុំចេញ ដែលបានមកជួបផ្ទាល់ជាមួយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីគាត់បែបនេះទេ។
ក្រៅពីផ្តល់អំណោយលើកទឹកចិត្ត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តល់នូវអនុសាសន៍ល្អៗជាច្រើនជូនដល់សិស្សឆ្នើមទាំង៣ ក៏ដូចជាអាណាព្យាបាល សម្រាប់ជាគតិយកទៅពិចារណា ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជូនឳពុកម្តាយអាណាព្យាបាលលោកគ្រូអ្នកគ្រូ និងសិស្សឆ្នើមទាំង ០៣នាក់ ទស្សនាសមិទ្ធិផលនានាក្នុងទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញនិងថតរូបអនុស្សាវរីយ៍ជាមួយ គ្នាប្រកបដោយភាពស្និតស្នាល ព្រមទាំង បានផ្តល់ទឹកដោះគោដល់អាណាព្យាបាល លោកគ្រូអ្នកគ្រូ ម្នាក់ ០១កេះ ផងដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។