រុស្ស៊ី គាំទ្រយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជា នឹងរៀបចំឲ្យពលរដ្ឋ មកលេងក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅស្ថាតទូតរុស្ស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ។

ជំនួបនេះដែរសំដៅរៀបចំឲ្យមានការមកទស្សនារបស់ទេសចររុស្ស៊ីនៅកម្ពុជាឡើងវិញ ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាព ដូចជា ក្រុងព្រះសីហនុ កោះរុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ហើយតំបន់សៀមរាបអង្គរ ក្នុងអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។
ឯកឧត្ដមរដ្ឋមន្ត្រី បន្ថែមថា ថ្មីៗនេះប្រធានាធិបតី ពូទីន ក៏បានផ្ដល់មេដាយមហាកិត្តិយសថ្នាក់មិត្តភាព ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបង្ហាញអំពីការកោតសរសើរដល់ការដឹកនាំរបស់សម្ដេចតេជោ រហូតទទួលបានសុខសន្តិភាព និងវិបុលភាពដូចបច្ចុប្បន្ន ក៏ដូចជាកិច្ចខិតខំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការការទូត មិត្តភាព ជាមួយរុស្ស៊ី។
លោក អាណាតូលី បូរ៉ូវិក ក៏បានបង្ហាញអំពីការពេញចិត្តនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរកន្លងមក ក៏ដូចជាផែនការ និងយុទ្ធសាស្ត្រដាក់ចុះដោយរាជរដ្ឋាភិបាលនាពេលថ្មីៗ ជាការស្ដារវិស័យទេសចរណ៍ មានដូចជា៖ ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា អំឡុង និងក្រោយវិបត្តិកូវីដ១៩ ឆ្នាំ២០២០-២០២៥, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី, យុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង, វិធាននយោបាយលើការជំរុញទេសចរផ្ទៃក្នុង, ការរៀបចំវិធានសុវត្ថិភាពទេសចរណ៍នានា (SOP) នានាជាដើម។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ផ្អែកតាមទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ និងសមិទ្ធិផលកន្លងមក កម្ពុជានឹងមានលទ្ធភាពទាក់ទាញទេសចររុស្ស៊ីបន្ថែមទៀត ដែលមុនវិបត្តិកូវីដ១៩ កំណើនពលរដ្ឋរុស្ស៊ីមកទស្សនានៅកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ រហូតជាងកន្លះលាននាក់ ហើយចំនួននេះនឹងអាចកើនឡើងខ្ពស់ថែមទៀត ដោយរុស្ស៊ីជាប្រភាពទីផ្សារដ៏ធំ មានប្រជាជនជាង ១៤៦លាននាក់។
លោកឯកអគ្គរដ្ឋទូត ក៏បានអរគុណដល់ក្រសួងទេសចរណ៍កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ាន ២០២២ ខាងមុខ និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានសម្របសម្រួលជំរុញឲ្យមានកិច្ចប្រជុំទេសចរណ៍អាស៊ាន-រុស្ស៊ី រហូតដល់ថ្នាក់រដ្ឋមន្ត្រី ដែលកិច្ចប្រជុំលើកទី ១ នឹងធ្វើឡើង នាឱកាសវេទិកាទេសចរណ៍អាស៊ានខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។