កម្ពុជា យកខេត្ត​ព្រះសីហនុ ធ្វើជា​កិច្ចប្រជុំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ចុងឆ្នាំ​២០២១

​ភ្នំពេញ​៖ កម្ពុជា គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​មហាសន្និបាត​សមុទ្រ​អាស៊ី នា​ចុងឆ្នាំ​២០២១ ក្នុង​ក្រុងព្រះសីហនុ ដែល​នឹង​ក្លាយជា​ពិធី​ធំ​លើកដំបូង​របស់​កម្ពុជា ដែល​ទើបបាន​ចាប់ផ្តើម​ការបើក​ប្រទេស​ឡើងវិញ នា​ដើមខែ​វិច្ឆិកា​នេះ បន្ទាប់ពី​ការ​រាលដាល​ដោយ​ជំងឺ​កូ​វីដ​-១៩​។​

​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១ និង​២​ធ្នូ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ Charting a New Decade of Hope-Healthy Oceans, People and Economy មានន័យថា បង្កើត​ទសវត្ស​ថ្មី​សម្រាប់​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​។ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១​នេះ បាន​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​នៃ​សមុទ្ទ​ពិភពលោក​។​

​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១ នៅ​កម្ពុជា​ក៏​នឹង​ប្រព្រឹត្តទៅ​ជាមួយ​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧​នៃ​ភាព ជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះ​ផងដែរ​។ ប្រទេស​ដែល​នឹងចូលរួម​ក្នុង វេទិកា​នេះ​មាន​ជាង​១០ ប្រទេស​មកពី​ខាងក្រៅ​ដូចជា​ប្រទេស​ចិន​, ជប៉ុន​, សាធារណរដ្ឋ​កូរ៉េ និង​ប្រទេស​ជាច្រើន​ដទៃទៀត​។

​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា នា​ចុងឆ្នាំ​២០២១​នេះ ត្រូវបាន​គេ​ធ្វើ​ចេញពី​ខេត្ត​ព្រះសីហនុ ដែលមាន​ឆ្នេរ​ស្អាត​បំផុត​នៅលើ​ពិភពលោក និង​បច្ចុប្បន្នកំពុង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង របស់​កម្ពុជា ហើយ​ទីក្រុង​នឹង​ក្លាយជា​ទីក្រុង​អភិវឌ្ឍន៍​នៃ​ពហុ​ជាតិ​សាសន៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close