ថៃ៖ អ្នកដំណើរតាមជើងហោះហើរ ២៤ ០០០នាក់ ក្នុង១ថ្ងៃ ខណៈករណីកូវីដមិនទាន់ធូរស្រាល!

ថៃ៖ ការធ្វើដំណើរតាមជើងហោះហើរ ២៤០០០នាក់ អាចនឹងមានជាប្រចាំថ្ងៃ នៅប្រទេសថៃ សម្រាប់ខែវិច្ឆិកា ២០២១នេះ ជាខែដែលថៃចាប់ផ្តើមទទួលភ្ញៀវបរទេសឡើងវិញនោះ ប៉ុន្តែករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃ និងស្លាប់ព្រោះជំងឺនេះ ហាក់មិនទាន់ស្រាកស្រាន្តទេ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារបាងកកប៉ុស្តិ៍ នាថ្ងៃទី៣ វិច្ឆិកានេះ។

ការរំពឹងទុកពីចំនួនជើងហោះហើរបែបនេះ ធ្វើឡើងដោយទីភ្នាក់ងារចំណតអាកាសយានដ្ឋានថៃហៅកាត់ថា AoT ដោយគេប៉ាន់ស្មានថា អ្នកដំណើរតាមយន្តហោះ ប្រមាណ៧២៦០០០នាក់ត្រូវបានរំពឹងថា នឹងធ្វើដំណើរ ទាំងជើងហោះក្នុងស្រុក និងអន្តរជាតិ នៅប្រទេសថៃ នាខែវិច្ឆិកានេះ ឬ ប្រមាណ២៤២០០នាក់ ក្នុងមួយថ្ងៃ បន្ទាប់ពីប្រទេសនេះបានបើកទ្វារឡើងវិញនោះ។
ប៉ុន្តែបើមកមើលករណីឆ្លងប្រចាំថ្ងៃ និងស្លាប់ព្រោះជំងឺកូវីដ១៩វិញ ហាក់មិនទាន់ស្រាកស្រាន្តទេ ក្នុងនោះ ឆ្លងរាល់ថ្ងៃ ចន្លោះពី ៧ទៅ៨ពាន់នាក់ ខណៈស្លាប់វិញ ចន្លោះពីជាង៥០នាក់ទៅ ប្រមាណ ៨០នាក់ក្នុងមួយថ្ងៃៗ។ ជាក់ស្តែង នាព្រឹកថ្ងៃទី ៣ វិច្ឆិកានេះ ថៃប្រកាសពីវិជ្ជមានថ្មី ៧៦៧៩នាក់ និងស្លាប់៥៦នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។