ក្រសួងការងារ បំភ្លឺព័ត៌មានករណីថៅកែឡឥដ្ឋ ពាក់ព័ន្ធនឹងពលកម្មកុមារ!

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានករណីបំណុលជំពាក់ថៅកែឡឥដ្ឋ នៅតែជាមូលហេតុធ្វើឱ្យក្មេងៗ ត្រូវធ្វើការទាំងខុសច្បាប់ ភ្លាមៗ ក្រសួងបានចាត់ ក្រុមអធិការកិច្ចការងារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើអធិការកិច្ចការងារតាមច្បាប់ ស្តីពីការងារ និងបទបញ្ញត្តិ ពាក់ព័ន្ធនឹងពលកម្មកុមារ ដើម្បីចុះស៊ើបអង្កេត និងប្រមូលព័ត៌មានផ្ទាល់នៅសិប្បកម្មផលិតឥដ្ឋ ដែលស្ថិតនៅផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបានជួបសម្ភាសន៍ផ្ទាល់ជាមួយម្ចាស់សិប្បកម្ម លោកស្រី ហួត ណៃហួយ និងលោកស្រី ឈុំ ស៊ីម ជាកម្មករ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖

១-សារព័ត៌មានមិនបានសុំការអនុញ្ញាតចូលក្នុងបរិវេណខ្សែចង្វាក់ផលិតឥដ្ឋ និងបានរៀបចំទុកជាមុន ដើម្បីលួចថតសកម្មភាពកម្មករនិយោជិតកំពុងធ្វើការ។
២-សិប្បកម្ម មានការយល់ដឹងពីច្បាប់ និងបទដ្ឋានគតិយុត្តិ ដែលក្រសួងបានចុះផ្សព្វផ្សាយកន្លងមក ហើយសិប្បកម្មមិនមានប្រើប្រាស់ក្មេងអាយុក្រោម ១៥ឆ្នាំ នោះទេ។
៣-លោកស្រី ឈុំ – ស៊ឹម ជាកម្មករដែលធ្វើការនៅសិប្បកម្មផលិតឥដ្ឋខាងលើ មិនបានខ្ចីប្រាក់ពីម្ចាស់សិប្បកម្មផលិតឥដ្ឋ នោះទេ។
ការចុះផ្សាយព័ត៌មាន ដែលមិនប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ នាំឱ្យមានការភ័ន្តច្រឡំដល់សាធារណជន ក៏ដូចជា ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ម្ចាស់សិប្បកម្ម ដែលបានខិតខំចូលរួមអនុវត្តច្បាប់ស្តីពីការងារ។ ក្នុងន័យនេះ ក្រសួងសូមសំណូមពរដល់បណ្ដាញាសារព័ត៌មាន និងគ្រប់ពីភាគីពាក់ព័ន្ធ ចូលរួមផ្ដល់ព័ត៌មានជាបន្ទាន់មកក្រសួង តាមរយៈ ទូរស័ព្ទលេខ ០២៣ ៨៨៤ ៣៧៥, Hotline: ១២៩៧ ឬតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ “ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងករណីមានការរំលោភបំពានពលកម្មកុមារ ដើម្បីក្រុមអធិការកិច្ចការងារចុះចាត់វិធានការតាមផ្លូវច្បាប់ និងជួយដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ បានទាន់ពេលវេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។