អឺរ៉ុប សន្យាថា​បន្ត​ជួយ​វៀតណាម លើ​កិច្ចការ​វ៉ាក់សាំង​!

​សហគម​អឺរ៉ុប​នឹង​បន្ត​ផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​ប្រទេស​វៀតណាម មិន​ថា តាមរយៈ​កុងត្រា​ពាណិជ្ជកម្ម ឬ យន្តការ​កូ​វ៉ា​ក់​ទេ នេះ​បើតាម​គណៈកម្មការ​អឺរ៉ុប​ហៅ​កាត់​ថា EC ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNexpress កាលពី​ថ្ងៃទី​២ វិច្ឆិកា​។​

​ប្រភព​ថា ការសន្យា​នេះ​ធ្វើឡើង ក្នុងពេល​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen ទទួល​ជួប​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh នៅក្រៅ​សន្និសីទ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា COP26 នៅ​ប្រទេស​ស្ក​ត់ឡែ​ន ថ្មីៗ​នេះ​។​

​លោកស្រី បាន​គូសបញ្ជាក់ថា អឺរ៉ុប​នឹង​បន្ត​ជួយ​គាំទ្រ​កិច្ចការ​វ៉ាក់សាំង​ដល់​ប្រទេស​វៀតណាម តាមរយៈ​ការនាំ​ចូល ឬ យន្តការ Covax ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី​បង្ហាញ​ការ​សង្ឃឹមថា វ៉ាក់សាំង​និង​សម្ភារៈ​បរិក្ខា​បន្ថែមទៀត នឹង​បញ្ជូន​ទៅដល់​វៀតណាម​។
​វៀតណាម ទទួលបាន​វ៉ាក់សាំង ១០៧​លាន​ដូ​ស​ហើយ គិត​ត្រឹម​ថ្ងៃទី​២៩ តុលា ខណៈដែល​មនុស្ស​ជាង​២៤​លាន​នាក់​ហើយ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close