ក្រសួង អនុញ្ញាតឱ្យ​បើក​ដំណើរការ​អាជីវកម្ម​បៀរហ្គាឌិន​ឡើងវិញ នៅ​ទូទាំងប្រទេស​, តែ​ត្រូវអនុវត្ត ៦​ចំណុច​!

​ភ្នំពេញ​៖ ដើម្បី​ជួយ​សម្រួល​ដល់​មូលដ្ឋាន​អាជីវកម្ម​បៀរ​ហ្កា​ឌិន ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ និង​ដើម្បី​ចូលរួម​បង្ការ​និង​រក្សាបាន​នូវ សុវត្ថិភាព​ទំនុកចិត្ត និង​ផ្តល់​ភាព​កក់​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​បុគ្គលិក​បម្រើការ និង​ស្រប​ពេលដែល​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​អនុវត្ត​យ៉ាងសកម្ម នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្រសួងទេសចរណ៍ បានចេញ​សេចក្តីណែនាំ ០៦​ចំណុច ដល់​មូលដ្ឋាន​អាជីវកម្ម​បៀរ​ហ្កា​ឌិន យកចិត្តទុកដាក់​រៀប​ចំការ អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​។​

​នៅក្នុង​សេចក្តីណែនាំ​ទាំង ៦​ចំណុច របស់​ក្រសួងទេសចរណ៍ ដែល​ចេញ​កាលពី​យប់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ រួមមាន​៖

* ទី​១៖ ត្រូវ​រៀបចំ​ផែនការ​កែតម្រូវ​សម្បទា​អាជីវកម្ម​របស់ខ្លួន​ឱ្យស្រប​នឹង​លក្ខខណ្ឌ​តម្រូវ និង​ចំណុច​ណែនាំ​ទាំងឡាយ​ដូច​មានកំណត់​ក្នុង​ខ្លឹមសារ​ប្រកា​សលេខ ១០៨ ប្រក ចុះ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១​។ អាជីវកម្ម​បៀរ ហ្កា​ឌិន ត្រូវ​ចាត់ទុក​លក្ខខណ្ឌ​ទាំងនោះ​ជាគោលការណ៍​ណែនាំ ចម្បង​សម្រាប់​ការអនុវត្ត​ក្នុងដំណាក់កាល​នេះ និង​ត្រូវ អនុវត្ត​ឱ្យបាន​ហ្មត់ចត់ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។​

* ទី​២៖ អាជីវកម្ម​បៀរ​ហ្កា​ឌិន ត្រូវ​រៀបចំ​ឱ្យមាន​ផែនការ​សកម្មភាព​ច្បាស់​លាស់ ក្នុងការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ សម្រាប់​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន និង​ត្រូវមាន​ស្មារតី​ភ្ញាក់រលឹក គិតគូរ​អំពី​បញ្ហា​សុវត្ថិភាព​ភ្ញៀវ សុវត្ថិភាព​បុគ្គលិក និង​សុវត្ថិភាព​សង្គមជាតិ​ជា​អាទិភាព​ចំពោះមុខ​ដោយ​ធ្វើការ​អភិវឌ្ឍ និង​គ្រប់គ្រង​អាជីវ កម្ម​បៀរ​ហ្កា​ឌិន ក្នុង​បរិបថ (​គន្លង​ប្រក្រតីភាព​ថ្មី​)​។​

* ទី​៣៖ អាជីវកម្ម​បៀរ​ហ្កា​ឌិន ត្រូវ​រៀបចំ​ឱ្យមាន​ការបណ្ដុះបណ្ដាល​បុគ្គលិក​ជាប្រចាំ អំពី​ខ្លឹមសារ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​បណ្តុះបណ្តាល​ស្តីពី បដិសណ្ឋារកិច្ច​ល្អ ការពង្រឹង​គុណភាព​សេវាកម្ម ការបម្រើ​សេវាកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​។​

* ទី​៤៖ អាជីវកម្ម​បៀរ​ហ្កា​ឌិន ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ របស់​ក្រសួងទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ត្រូវ​រៀបចំ​ឱ្យមាន​ការបណ្តុះបណ្តាល​ស្តីពី វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់ អាជីវកម្ម បៀរ​ហ្កា​ឌិន ឱ្យបាន​ជាប្រចាំ​។​

* ទី​៥៖ អាជីវកម្ម​បៀរ​ហ្កា​ឌិន ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​គោលនយោបាយ​នានា ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​គាំទ្រ ដល់​គោល នយោបាយ​ចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​សកម្មភាព​ជាក់ស្តែង ដោយ​ជំរុញ​ឱ្យ​បុគ្គលិក​ទាំងអស់ រួមទាំង ក្រុមគ្រួសារ របស់​ពួកគាត់ ទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់គ្នា និង​ឱ្យបាន​គ្រប់​ចំនួន​ដូ​ស​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។​

* ទី​៦៖ អាជីវកម្ម​បៀរ​ហ្កា​ឌិន ត្រូវអនុវត្ត និង​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​នូវ​គ្រប់​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​បាន​ដាក់ឱ្យអនុវត្ត​កន្លងមក​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ រួមមាន​៖ ការ​ស្កេ​ន QR Code ទប់ស្កាត់​កូ​វីដ​-១៩ និង​ប្រព័ន្ធ Telegram BOT គ្រប់គ្រង​ទិន្នន័យ​ភ្ញៀវ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ជាដើម​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close