ប្រទេស​ជាច្រើន នឹង​បញ្ឈប់​ការប្រើប្រាស់​ធ្យូងថ្ម នៅឯ​សន្និសីទ​កំពូល COP26

​ប្រទេស​ប៉ូឡូញ​, វៀតណាម​, ស៊ី​លី និង​ប្រទេស​ជាច្រើន​ទៀត​គ្រោង​សន្យាថា នឹង​បញ្ឈប់​ការប្រើប្រាស់​ថាមពល​ធ្យូងថ្ម​បន្តិច​ម្ដងៗ នៅ ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​នឹងធ្វើ​ឡើង​នៅឯ​សន្និសីទ​កំពូល​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ COP26 នៅឯ​ទីក្រុង ក្លាស​ហ្គូ​វ (Glasgow) ប្រទេស​ស្កុ​តលែ​ន នា​ថ្ងៃទី​៤ វិច្ឆិកា​នេះ​។ ការប្រកាស​ពី​ព័ត៌មាន​ខាងលើ​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ COP26​។

​បើតាម​រដ្ឋាភិបាល ចក្រភព​អង់គ្លេស បណ្ដា​ប្រទេស​ជា​ហេ​ត្ថ​លេ​ខី​នៃ​កិច្ចព្រមព្រៀង COP26 អាច​នឹងធ្វើ​ការប្ដេជ្ញាចិត្ត ក៏ដូចជា​សន្យាថា​បញ្ឈប់​ការវិនិយោគ​លើ​គម្រោង​សាងសង់​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មីៗ​ទាំង​នៅក្នុង​ស្រុក និង​នៅក្រៅ​ប្រទេស ហើយ​មិនតែប៉ុណ្ណោះ​ពួកគេ​ក៏​នឹង​សន្យា​ផងដែរ​ថា​ឈប់​ប្រើប្រាស់​ធ្យូងថ្ម​ផលិត​ថាមពល​បន្តិច​ម្ដងៗ នៅត្រឹម​ទសវត្សរ​ឆ្នាំ​២០៣០ សម្រាប់​បណ្ដា​ប្រទេស​អ្នកមាន និង​ត្រឹម​ឆ្នាំ​២០៤០ សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ​។​

​គួរ​បញ្ជាក់ថា ធ្យូ​ថ្ម​គឺជា​ឥន្ធនៈផូស៊ីល​ដែល​បំពុលបរិយាកាស​ខ្លាំង​បំផុត ហើយក៏​ជា​មូលហេតុ​ចម្បង​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ធ្វើឱ្យ​ផែនដី​ឡើងក​ម្ដៅ​ដែរ​។ ដូច្នេះ ការបញ្ឈប់​ការប្រើប្រាស់​ធ្យូងថ្ម​នៅ​ទូទាំង​ពិភពលោក ជា​គោលដៅ​ដ៏​សំខាន់​សំដៅ​សម្រេច​ឱ្យបាន​នូវ​កិច្ចព្រមព្រៀង​អាកាសធាតុ​ជាស​កល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close