រយៈពេល៥ឆ្នាំ អ្នកស្រុកអង្គរជាង ៨ពាន់គ្រួសារ ទទួលបានការអនុញ្ញាតឱ្យជួសជុលសំណង់ស្រាល

ខេត្តសៀមរាប៖ យោងតាមរបាយការណ៍ក្រុមការងារលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល ៥ឆ្នាំ ក្រុមការងារ បានបន្តការងារចុះពិនិត្យអនុញ្ញាតការជួសជុលសំណង់តូចតាច ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន១២៤៧៤ករណី(សំណើ) ក្នុងនោះ សំណង់ស្រាល ដែលត្រូវបានក្រុមការងារអនុញ្ញាតមានចំនួន៨១៣៧ ករណី(សំណើ)។

គោលដៅទាំងនោះ រួមមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន៤៧៥ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន ២ ១៥៤ករណី ស្រុកពួកអនុញ្ញាតបានចំនួន ១ ១៨៤ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន ៣ ១៤២ករណីនិងស្រុកបន្ទាយស្រីអនុញ្ញាតបានចំនួន ១ ១៨២។
ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែង និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់ គឺជាប្រជាពលដ្ឋចាស់រស់នៅក្នុងតំបន់អង្គរពិតប្រាកដនិងមានការបញ្ជាក់យ៉ាងច្បាស់ លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ ហើយមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។