វត្ត​មានកូន​ខ្ទីង និង​ខ្ទីង​ជំទង់ ក្នុង​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា ជា​ក្តីសង្ឃឹម​នៃ​ការអភិរក្ស​សត្វ​ប្រភេទ​កម្រ​ជិត​ផុត​ពូជ​

​កាលពីពេល​ថ្មីៗ​នេះ ហ្វូង​សត្វ​ខ្ទីង​ដែលមាន​ទាំង​សត្វ​ខ្ទីង​ធំ សត្វ​ខ្ទីង​តូចៗ​ជាច្រើន​ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​បង្ហាញ​វត្តមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​នៅ​កម្ពុជា​។ វត្តមាន​នៃ​កូន​សត្វ​ខ្ទីង​ជាច្រើន គឺជា​ក្តីសង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​និង​សម្រាប់​ជីវៈចម្រុះ​ពិភពលោក ខណៈ​សត្វ​ខ្ទីង​ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅលើ​ពិភពលោក ហើយ​ចំនួន​របស់​វា​ត្រូវបាន​កត់សម្គាល់ថា​មាន​និន្នាការ​ធ្លាក់ចុះ​នៅ​ទូទាំង​ពិភពលោក​។

​មិនទាន់មាន​ទិន្នន័យ​ច្បាស់លាស់​ថា​នៅ​កម្ពុជា​នៅសល់​សត្វ​ខ្ទីង​ចំនួន​ប៉ុន្មាន​ឡើយ តែ​យោងតាម ទិន្នន័យ​ទទួលបាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ និង​ការ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ចុះ​ល្បាត​នៅតាម តំបន់ការពារធម្មជាតិ​នានា សត្វ​ខ្ទីង​មាន​វត្តមាន​នៅតាម​តំបន់ការពារធម្មជាតិ​នានា​។ នៅក្នុង​ហ្វូង ខ្ទីង​ដែល​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ គឺមាន​វត្ត​មានកូន​ខ្ទីង​និង​សត្វ​ខ្ទីង​ជំទង់​ជាច្រើន​ដែល​នេះ​បង្ហាញថា​សត្វ​ខ្ទីង​បន្ត​មាន​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា និង​បាន​បន្ត​ពូជ​បង្កើត​កូនតូចៗ​ជាច្រើន​ដែលជា​ផ្នែក​មួយ​នៃ​ការរក្សាបាន​ប្រភេទ​ពូជ​សត្វ​ដ៏​កម្រ​របស់​ពិភពលោក​នៅ​កម្ពុជា និង​ការថែរក្សា​បាន​នូវ​ទីជម្រក​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ពួកគេ​រស់នៅ និង​ការចូលរួម​អភិរក្ស​ជីវៈចម្រុះ​ពិភពលោក​។ ​ប្រវត្តិ​របស់​សត្វ​ខ្ទីង​ធ្លាប់មាន​វត្តមាន​នៅតាម​តំបន់​ព្រៃ​ក្នុង​តំបន់​អាស៊ី​ភាគខាងត្បូង​និង​ភាគ​អាគ្នេយ៍ និង​ប្រទេស​ស្រីលង្កា​។

​ចំនួន​សត្វ​ខ្ទីង​ត្រូវបាន​សិក្សា​ថា​មានការ​ថយចុះ​ជាង ៨០% ក្នុង​រយៈពេល​មួយ​សតវត្សរ៍​ចុងក្រោយ​នេះ ហើយ​សត្វ​ខ្ទីង​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រមាណ ៩០% ចាប់ពី​ពាក់កណ្តាល​សតវត្សរ៍​ទី​២០​មក​។ តាម​ការសិក្សា​របស់​អ្នកជំនាញ សត្វ​ខ្ទីង​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​ប្រមាណ​ជាង ៥០% នៅក្នុង​អំឡុង ពេល​ចន្លោះ​ពី​ឆ្នាំ ១៩៦០ មកដល់​ដើមឆ្នាំ ១៩៩០​។ ចំនួន​នេះ​ត្រូវបាន​រកឃើញថា​មានការ​ធ្លាក់ចុះ​បន្ថែមទៀត​រហូតមកដល់​ពេលនេះ​។

​បើទោះបីជា​ការសិក្សា​បាន​បង្ហាញថា​ចំនួន​សត្វ​ខ្ទីង​នៅ​កម្ពុជា​មានការ​ថយចុះ​ស្របតាម​និន្នាការ​នៃ​ការថយចុះ​របស់​ពិភពលោក តែ​របាយ ប្រជាសាស្ត្រ​សត្វ​ខ្ទីង​មាននៅ​ស្ទើរ​គ្រប់​តំបន់ការពារធម្មជាតិ​នានា ហើយ​វត្ត​មាននៃ​កូន​ខ្ទីង​តូចៗ និង​ខ្ទីង​វ័យ​ជំទង់​ច្រើន ដែល​ថត​បាន​ក្នុង​តំបន់ការពារធម្មជាតិ គឺជា​ក្តីសង្ឃឹម​ដ៏​មុតមាំ​ពី​ការបន្ត​ពូជ​និង​ការរីក​ធំ​នៃ​គ្រួសារ​សត្វ​ខ្ទីង​។

​យោងតាម​ការសិក្សា​រប​ស់​អ្នកជំនាញ បច្ចុប្បន្ននេះ ចំនួន​ប្រជាសាស្ត្រ​នៃ​សត្វ​ខ្ទីង​នៅលើ​ពិភពលោក​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មាន​ចន្លោះ​ពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយ​ក្នុងនោះ បើ​យោងតាម​ទិន្នន័យ​ទីវាល ចំនួន​សត្វ​ខ្ទីង​ពេញវ័យ​អាចមាន​ចន្លោះ​ពី ៦ ០០០ ទៅ ២១ ០០០​ក្បាល​ប៉ុណ្ណោះ​។ បច្ចុប្បន្ននេះ ខ្ទីង​កំពុងមាន​វត្តមាន​រស់​នៅក្នុង​ប្រទេស​ប៊ូ​តង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ ថៃ​និង​វៀតណាម ប៉ុន្តែ​បាន​ផុត​ពូជ​នៅក្នុង​ប្រទេស​ស្រីលង្កា និង​ប្រទេស​បង់​ក្លា​ដេ​ស​។

​យោងតាម​ជីវសាស្ត្រ សត្វ​ខ្ទីង​អាច​រស់នៅ​បាន​ពី​តំបន់​ទំនាប​រហូតដល់​រយៈកម្ពស់​ខ្ពស់​រហូតដល់​កម្ពស់​ជាង ២០០០​ម៉ែត្រ ហើយ​សត្វ​ខ្ទីង​រស់នៅក្នុង​តំបន់​មួយចំនួន​ដូចជា​តំបន់​ទេសភាព​ខ្ពង់រាប​ខាងកើត និង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​ជាដើម​។ តំបន់​ខ្លះ​មាន​សត្វ​ខ្ទីង​ចំនួន​ច្រើន​ដូចជា​នៅក្នុង​តំបន់​ដែន ជម្រក​សត្វព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី​ជា​តំបន់​ដែលមាន​សត្វ​ខ្ទីង​រស់នៅ​ច្រើន​នៅ​អំ​ឡុងចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ចន្លោះ​ពី​ជាង ៥០០ ទៅ​ជាង ១០០០​ក្បាល តែ​ចំនួន​នេះ​បាន​ថយចុះ​នៅពេល​បច្ចុប្បន្ន​។ នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ត្រូវបាន​ប៉ាន​ស្មានថា​មាន​សត្វ​ខ្ទីង​ប្រមាណ​ជាង ១០០​ក្បាល​នៅ​ឆ្នាំ​២០២០​កន្លងទៅ ខណៈ​នៅ​ឆ្នាំ ២០១០ មាន​សត្វ​ខ្ទីង​ប្រមាណ ៥០០​ក្បាល​រស់នៅ​។

​សត្វ​ខ្ទីង​ចូលចិត្ត​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ និង​វាលស្មៅ ហើយ​សត្វ​ខ្ទីង​តែងតែ​ចេញ​រកស៊ី​នៅពេល​ព្រឹក និង​ពេល​ល្ងាច​។ សត្វ​ខ្ទីង​ចូលចិត្ត​រស់នៅ​ជា​ហ្វូង ហើយ​អាហារ​របស់​វា គឺ​ល្បះ​ខ្ចី ទំពាំង ស្មៅ និង​វ​ល្លិ៍​ជាដើម​។ សត្វ​ខ្ទីង​ញី​អាច​បង្កើតកូន​បាន​១ បន្ទាប់ពី​ពពោះ​រយៈពេល ៩​ខែ​។ សត្វ​ខ្ទីង​ញី​ពេញវ័យ​អាចមាន​ទម្ងន់​រហូតដល់​ជិត ១ តោន ខណៈ​ខ្ទីង​ឈ្មោល​អាចមាន​ទម្ងន់​ដល់ ១,៥ តោន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close