អភិបាលខេត្តព្រៃវែង ចុះពិនិត្យទីតាំងសហគមន៍កសិកម្ម កសិករខ្មែរនៅស្រុកពាមជរ

ព្រៃវែង ៖ នៅថ្ងៃទី៤​ ខែវិច្ឆិកា​​ ឆ្នាំ២០២១​​ ឯកឧត្តម​ ជា សុមេធី​ អភិបាលខេត្តព្រៃវែង​ អមដំណើរដោយអភិបាលរងខេត្ត​ និងលោក លោកស្រីប្រធានមន្ទីរ កងកំលាំងទាំង៣ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ បានអញ្ជើញ​សំណេះសំណាលសួសុខទុក្ខ​​ប្រជាពលរដ្ឋសមាជិកសហគមន៍ កសិកម្ម កសិករខ្មែរ​ និងចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ​នៅភូមិខ្ពប​ ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។​

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានមតិស្វាគមន៍ ដោយបានលើកឡើងថា នៅខេត្តព្រៃវែងមានសហគមន៍កសិកម្មចំនួន ១៣៩ សហគមន៍ និងបណ្តុំអាជីវកម្មផលិតកម្ម កសិកម្មដំណាំ​ និងការចិញ្ចឹមសត្វសរុបចំនួន ១៥២ បណ្តុំ ដែលកំពុងអនុវត្តន៍ផលិតកម្មល្អសម្រាប់ផ្គត់ផ្គង់ទៅកានទីផ្សារទាំក្នុង និងក្រៅខេត្ត។​ ដោយឡែកសហគមន៍កសិកម្ម កសិករខ្មែរ ជាសហគមន៍ផ្តោលើការផលិតបន្លែសុវត្ថិភាពគ្រប់ប្រភេទទៅតាមតម្រូវការទីផ្សារ​ ដោយក្នុង១ថ្ងៃៗមានសមត្ថភាពផលិត និងប្រមូលទិញពីសមាជិកនាំទៅលក់នៅទីផ្សារអ្នកលឿង ផ្សារនាគមាស ផ្សារគួរស្រូវជាដើម ក្នុងបរិមាណពី ៣ ទៅ ៥ តោនក្នុង ១ ថ្ងៃ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី បានមានមតិកោតសរសើរ​ដល់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានគាំទ្របង្កើតឲ្យមានសហគមន៍កសិកម្ម​ និងបណ្តុំអាជីវកម្មផលិតកម្មកសិកម្មជាច្រើននៅក្នុងខេត្តព្រៃវែង ដោយបានសហការបណ្តាដៃគូរអភិវឌ្ឍន៍នានា ជួយគាំទ្រយ៉ាងសកម្ម​ទាំបច្ចេកទេស​ សម្ភារ ដើមទុនជាដើម ដល់សហគមន៍​ ដើម្បីមានលទ្ធភាពបង្កើនការផលិត​ និងការនាំទៅលក់នៅទីផ្សារ។​ ឯកឧត្តម​ អភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់សមាជិកសហគមន៍​ ឲ្យយកចិត្តទុកដាក់ដាំដុះបន្លែបន្ថែមទៀត​ ហើយកាត់បន្ថយកា​រប្រើប្រាស់សារធាតុគីមី ផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សុខភាអ្នកប្រើប្រាស់។ ហើយ ឯកឧត្តម ក៏បានណែនាំដល់លោកប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការគាំទ្រដល់សហគមន៍ផលិតបន្លែនេះ ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

នៅក្នុងនោះ​ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ​​បានចែកសម្ភារដល់ក្រុមបណ្តុំអាជីវកម្មផលិតកម្មបន្លែចំនួន៤០គ្រួសារ​​ ដោយក្នុង១គ្រួសារទទួលបានសំណាញ់​១ដុំ​ និងគ្រាប់បន្លែ​មានស្ពៃគ្រប់ប្រភេទ ត្រប់ សណ្តែកគួរ និងគ្រាប់ត្រកួន​ ​ដែលគាំទ្រដោយកម្មវិធី​ ASPIRE។​ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមជួយឧបត្ថម្ភរបស់ក្រុមហ៊ុន ហ៊ូយន់ នូវកំបោរកសិកម្ម​ចំនួន២តោន ជីកសិកម្មសរីរាង្គ១តោន​ និងជីទឹកសរីរាង្គចំនួន៥កេះ។​​ ឯកឧត្តម ក៏បានផ្តល់ជូននូវទឹកសុទ្ធ​ និងសម្ភារការពារឆ្លងជម្ងឺកូវីដ១៩មានដូចជាម៉ាស​ អាល់កុល​ និងជេលលាងដៃ​ ហើយថែមទាំងផ្តល់ប្រាក់ដល់សហគមន៍ចំនួន១លានរៀលជូនដល់សហគមន៍ និងផ្តល់ជូនសមាជិកសហគមន៍ចូលរួមចំនួន៤០នាក់ ដោយទទួលបានប្រាក់២ម៉ឺន។​

ជាបន្ទាប់មកទៀត​ ឯកឧត្តម​ ជា សុមេធី និងប្រតិភូតអមដំណើរ បានចុះពិនិត្យមើលស្ថានីយ៍មូបទឹក និងប្រព័ន្ធ ស្រោចស្រពដំណាំបន្លែ​ ដែលបានគាំទ្រដោយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ហើយក៏បានមើលការដាំដុះដំណាំបន្លែរបស់កសិករ​ ​ជាសមាជិកសហគមន៍កសិកម្មកសិករខ្មែរ​ មានដូចជា ដំណាំល្ហុង ត្រសក់ ពពាយស្បែក ត្រប់ ល្ពៅ ពោតបារាំង​ សណ្តែកគួរជាដើម៕

ដោយ សាត សុីន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close