អាវុធ​រុស្ស៊ី មិនមាន​សត្រូវ​ទៀតឡើយ​នៅលើ​ពិភពលោក​

​ប្រធានាធិបតី​រុស្ស៊ី​លោកពូ​ទីន បាន​បញ្ជាក់ថា រុស្ស៊ី​បាន​បង្កើត​ប្រព័ន្ធ​សព្វាវុធ មិនមាន​គូប្រជែង​នៅលើ​ពិភពលោក​ឡើយ​។ នេះ​គឺជា​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​វិស័យ​បច្ចេកវិទ្យា​សព្វាវុធ​របស់​រុស្ស៊ី បង្កើន​សមត្ថភាព​ការពារ​និង​វាយលុក ទៅលើ​គោលដៅ​របស់​សត្រូវ ។​

​ប្រធានាធិបតី​ពូ​ទីន​បាន ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​វិស័យ​ការពារជាតិ​ថា ឃ្លាំង​អាវុធ​ដ៏​ទំនើប​ផលិត​ដោយ​ប្រទេស​រុស្ស៊ី នឹង​ធានា​ដល់​សន្តិសុខ​ខ្ពស់​សម្រាប់​ទាហាន​រុស្ស៊ី និង​ដែន​អធិបតេយ្យ​របស់​រុស្ស៊ី​។​

​ប្រធានាធិបតី​ពូ​ទីន​បាន​បញ្ជាក់ថា «​នៅថ្ងៃនេះ យើង​នឹង​ពិភាក្សា​ស្តីពី ទំនើបភាវូបនីយកម្ម​នៃ​កម្លាំង​ទាហានជើងគោក ជើង​ទឹក ជាមួយនឹង​ប្រព័ន្ធ​សព្វាវុធ​ទំនើបៗ មី​ស៊ី​ល​ល្បឿន​លឿន អាវុធ​ឡាស៊ែរ និង​អាវុធ​ជាច្រើន​ប្រភេទ​ទៀត … គ្មាន​គូ​ព្រៀប​នៅលើ​លោក​នេះ​ជួយ​ធានា​ដល់​សន្តិសុខ​ជាតិ ជាច្រើន​ឆ្នាំ​ខាងមុខ​ទៀត ឬ​ច្រើន​ទសវត្សរ៍​ខាងមុខ »​។​

​ប្រធានាធិបតី​រុស្ស៊ី​បញ្ជាក់ទៀតថា ការអភិវឌ្ឍន៍​សព្វាវុធ​ដោយ​ជោគជ័យ ខាងលើ​គឺ​ត្រូវ​ចំណាយ​ពេលវេលា ការខិតខំ ស្រាវជ្រាវ និង​មូលនិធិ​ជាច្រើន​ទើប​អាច​សម្រេចបាន​គោលដៅ​ខាងលើ​។​

​ការលើកឡើង​ខាងលើ​របស់​ប្រធានាធិបតី​រុស្ស៊ី​ក្រោយ​ពេលដែល អាមេរិក ប្រកាស​ទទួលស្គាល់ថា បា​ចាញ់​ព្រៀប​រុស្ស៊ី និង​ចិន ក្នុង​វិស័យ​ផលិត​មី​ស៊ី​ល​ល្បឿន​លឿន​។ អាមេរិក​បាន​ដើរ​ទៅមុន​ប៉ុន្តែ​ដោយសារតែ​ការផ្អាក​បន្តដំណើរ​ក្នុង​វិស័យ​អាវុធ​ល្បឿន​លឿន ទើប​ធ្វើ​ឲ្យ​អាមេរិក​ត្រូវ​នៅ​ពីក្រោយ​រុស្ស៊ី​និង​ចិន​វិញ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close