អាជ្ញាធរខេត្តសៀមរាប ជំរុញការចាប់ផ្តើមរៀបចំកំពង់ផែចុងឃ្នៀសឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះខេត្ត ចុះពិនិត្យផ្ទាល់កំពង់ផែចុងឃ្នៀស ដែលជាកំពង់ផែដ៏មានសក្តានុពល ក្នុងការស្រូបទាញភ្ញៀវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិនៃបឹងទន្លេសាប ក្នុងគោលបំណងធ្វើការរៀបចំ និង ជួសជុលកែលម្អឡើញវិញស្របតាបតាមស្តង់ដាកំពង់ផែទេសចរណ៍ ដើម្បីបម្រើសេវាកម្មសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដូច្នេះខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រផងនោះ យើងត្រូវយកចិត្តទុកដាក់ និង គិតគូរឲ្យបានហ្មត់ចត់បំផុត ដើម្បីត្រៀមលក្ខណៈបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ នាដើមឆ្នាំ២០២២ខាងមុខនេះ ស្របតាមគន្លងប្រក្រតីភាពថ្មី និងត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសុវត្ថិភាព ( SOP ) រៀនរស់ជាមួយកូវីដ-១៩ ។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា ក្រៅពីតំបន់ប្រាង្គប្រាសាទ កំពង់ផែចុងឃ្នៀសនេះ គឺជាគោលដៅ ទេសចរណ៍យ៉ាងសំខាន់ផងដែរ ព្រោះកន្លងមកនៅពេលភ្ញៀវទេសចរបញ្ចប់ការទស្សនាតំបន់ប្រាង្គប្រាសាទ ពួកគាត់នឹងមកតំបន់នេះ ដើម្បីទស្សនាសម្រស់ធម្មជាតិនៃបឹងទន្លេសាប ហេតុនេះការងារបន្ទាន់ និង ចំពោះមុខនេះ ជាជំហានដំបូងយើងត្រូវរៀបចំ ជួសជុល និង កែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អនាម័យ និង បរិស្ថានឲ្យបានស្អាតជាមុនសិន រួមទាំងបញ្ហាសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈផងដែរ ដូច្នេះដើម្បីបង្កើនភាពទាក់ទាញ និង ការចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរសូមលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និង អង្គភាពពាក់ព័ន្ធ សូមធ្វើការងារនេះឲ្យបានឆាប់រហ័ស និង ត្រូវកំណត់ច្បាស់លាស់ ដោយបែងចែកឲ្យមានជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម ។
សូមបញ្ជាក់ថា កំពង់ផែចុងឃ្នៀសនេះ ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានរដ្ឋបាលខេត្តគ្រប់គ្រងជាបណ្តោះអាសន្នកាលពីចុងខែសីហាកន្លងមក បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតចេញពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្តី បានកំណត់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងតំបន់កំពង់ផែនេះជាបណ្តោះអាសន្ន ដែលប្រការសំខាន់គឺ ផែនការ១០ចំណុចសម្រាប់ការគ្រប់គ្រងតំបន់នេះ ដើម្បីអភិវឌ្ឍន៍ រក្សាតម្លៃផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។