ជើងយន្ដហោះ ភ្នំពេញ​-​បាងកក នឹង​បើក​ដំណើរការ​ឡើងវិញ​ហើយ​!

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២២ ជើងហោះហើរ​រវាង​រាជធានី​ភ្នំពេញ និង​ក្រុង​បាងកក នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ ដែល​គ្រោង​ធ្វើការ​ហោះហើរ​នៅ​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​សុក្រ​។​

​យោងតាម​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​ផត បាន​បង្ហោះ​នៅលើ​គណនី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ​ថា ជើងហោះហើរ​ត្រង់ ភ្នំពេញ​-​បាងកក [PNH-BKK] ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​មួយ ដែល​បាន​បើក​ឱ្យ​កក់​សំបុត្រ​យន្តហោះ​។​

​ទោះជា​យ៉ាងណា អ្នកដំណើរ ត្រូវ​អនុវត្តតាម​វិធានការ​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​

​គួររំឭកថា ការបើក​ដំណើរការ​ជើងហោះហើរ ភ្នំពេញ​-​បាងកក ត្រូវបាន​ប្រកាស បន្ទាប់ពី​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​ផត បានឱ្យដឹង​នៅ​រសៀល ថ្ងៃ​អង្គារ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១ ថា ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែរ​ឡាញ ក៏​នឹង​ដំណើរការ​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​ម៉ានីល និង​រាជធានី​ភ្នំពេញ ឡើងវិញ នៅ​ថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ​២០២១​នេះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close