ឯកឧត្តមរដ្ធមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តកំពតចុះសាកសួរសុខទុកអង្គភាពវិរះសេនាតូចលេខ២
នាព្រឹកថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨ ឈ្លាតក្នុងឱកាសប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌខាងមុខ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងគណៈប្រតិភូក្រសួងបានចុះទៅសំណេះសំណាលនិងសួរសុខទុក្ខនាយទាហាន ពលទាហាននៅអង្គភាពវរៈសេនាតូចលេខ២ ការពារព្រំដែនគោក នៃតំបន់ប្រតិបត្តិការសឹករងកំពត ដែលមានទីតាំងនៅភូមិតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមការរាយការណ៍របស់លោកវរៈសេនីយ៏ទោ យឿង រតនា មេបញ្ជាការវរៈសេនាតូច ២ ការពារព្រំដែនគោក នៃតំបន់ប្រតិបត្តិការសឹករងកំពតបានឲ្យដឹងថា បច្ចុប្បន្នអង្គភាពទទួលបន្ទុកការពារព្រំដែនខេត្តកំពត ជាប់នឹងខេត្តគៀង យ៉ាង ប្រទេសវៀត ណាម ដែលមានប្រវែង ៤៣គីឡូម៉ែត្រ លើភូមិសាស្ត្រចំនួន ៦ឃុំ នៃស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានល្បាតត្រួតពិនិត្យ និងការពារដោយកងកម្លាំងចំនួន ៩៦នាក់។
ជាបឋម តាមរយៈឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខរបស់ប្រជាជន ជាពិសេសនាយទាហាន ពលទាហានតែបំពេញតួនាទីឈរជើងការពារខ្សែបន្ទាត់ព្រំដែនជុំវិញផ្ទៃប្រទេស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការពលិកម្ម ឆន្ទៈដ៏មោះមុត និងពុះពារគ្រប់ឧបសគ្គរបស់អង្គភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលធានាបាននូវសុខសន្តិភាព ស្ថេរភាពសង្គមពេញលេញ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាគួរជាទីមោទនៈ។
ជាក់ស្ដែង សុខសន្តិភាព និងស្ថេរភាពពេញលេញនេះហើយដែលជាគន្លឹះដ៏សំខាន់ក្នុងការនាំឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្របានយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់ថា អង្គភាពនឹងបន្តសកម្មភាពការពារព្រំដែន ការពារសុខសន្តិភាព និងស្ថេរភាពដ៏ល្អប្រសើរនេះជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ និងទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានឧបត្ថម្ភថវិកាចំនួន ១០លានរៀលសម្រាប់អង្គភាពដោះស្រាយរាល់បញ្ហាកង្វះខាត គ្រឿងឧបភោគបរិភោគ ទូកល្បាតចំនួន ១គ្រឿង វិទ្យុទំនាក់ទំនងខែនហ្វូតធំចំនួន ៤គ្រឿង និងតូចចំនួន ១០គ្រឿង ស័ង្កសីចំនួន ១ ០០០សន្លឹក ពូជត្រីចំរុះ ១ ០០០កូនត្រីសម្រាប់ចិញ្ចឹមក្នុងស្រះរបស់អង្គភាព និងកូនឈើ ៥០០ដើមសម្រាប់ដាំក្នុងបរិវេណអង្គភាព។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីក៏បានដល់នាយទាហាន ពលទាហានទាំង ៩៦នាក់ ដោយក្នុង ១នាក់ទទួលបានថវិកា ចំនួន ៣ម៉ឺនរៀលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។