សប្ដាហ៍​ទី​១ ខែវិច្ឆិកា​នេះ​! ចរន្ត​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត បន្ត​កើនឡើង​ជាង ១៧​ម៉ឺន​នាក់

​ភ្នំពេញ​៖ ចរន្ត​ភ្ញៀវទេសចរ ដែល​ចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​នៅតែមាន​ការកើនឡើង ដោយ​ចាប់ពី​ថ្ងៃទី​០៦-០៧ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវ​សរុប ១៧៤,៥៤៣​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ ១៦៩,៥៣២​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៥,០១១​នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​អំពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវ ៣៧,៦៤១ នាក់​
* រាជធានី​ភ្នំពេញ​ទទួលបាន​ភ្ញៀវ ៣៥,២១០ នាក់​
* ខេត្តកំពត​ទទួលបាន​ភ្ញៀវ ១៦,៥០១ នាក់​
* ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវ ១៥,១០០ នាក់​
* ខេត្តពោធិ៍សាត់​ទទួលបាន​ភ្ញៀវ ១០,៤៤៧ នាក់​។​

​ជាការ​កត់សម្គាល់​រប​ស់ឯក​ឧត្ដម ថោង ខុន ទោះបី​ពុំមាន​ថ្ងៃ​ឈប់សម្រាក​ជា​បុណ្យជាតិ ប៉ុន្តែ​ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នៅតែមាន​ភាព​សកម្ម​នៅ​រៀងរាល់​ចុង​សប្តាហ៍​។​
​ឯកឧត្ដម​បាន​បន្តថា រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស​បាន​បើក​ដំណើរ​ការទទួល​ភ្ញៀវទេសច​រ ខណៈដែល​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ដែល​បាន​ផ្អាក​សកម្មភាព​កន្លងមក ក៏បាន​រៀបចំ​ដើម្បី​ទទួលភ្ញៀវ​ទេសចរ ក៏ដូចជា​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​នាពេល​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខ​ផងដែរ​។​

​ចំពោះ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ​បាន​សង្កេតឃើញថា ទាំង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​ភ្ញៀវទេសចរ​មានការ​យល់ដឹង​កាន់តែ​ប្រសើរ និង​បាន​ចូលរួម​អនុវត្ត​វិធានការ​នានា​កាន់តែ​សកម្ម ពិសេស​វិធានការ «៣​កុំ និង ៣​ការពារ​» ស្រប​ពេលដែល​រដ្ឋបាល​រាជធានី​-​ខេត្ត មន្ទីរ​ទេសចរណ៍​បាន​បន្ត​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) ឲ្យ​បាន​គ្រប់​មូលដ្ឋាន​អាជីវកម្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close