វៀតណាម អបអរសាទរក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសសាកល្បងទទួលទេសចរណ៍វ៉ាក់សាំង
ខេត្តព្រះសីហនុ៖ កាលពីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វ៉ូ ង៉ុកលី អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ អញ្ជើញជូនពរឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ព្រះរាជាណាចក្រកម្ពុជា(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១)។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងគណៈប្រតិភូ ស្របពេលដែលកម្ពុជា និងវៀតណាម បានជួបប្រជុំរវាងគណៈកម្មការព្រំដែនកម្ពុជា វៀតណាមតាមរយៈវីដេអូ Conference ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសហរដ្ឋមន្ត្រីជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសវៀតណាម បានជជែកពិគ្រោះយោបល់ អនុម័តចុះហត្ថលេខាលើរបាយការណ៍ និងលើកទិសដៅ សម្រាប់ទំនាក់ទំនងខេត្ត ក្រុងជាប់ព្រំដែន នៃប្រទេសទាំងពីរ។
ឱកាសនោះផងដែរ ឯកឧត្តម វ៉ូ ង៉ុកលី អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលអនុញ្ញាតឱ្យគណៈប្រតិភូកុងស៊ុលវៀតណាម ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃបុណ្យឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា (៩វិច្ឆិកា ១៩៥៣ ៩វិច្ឆិកា ២០២១)។
ឯកឧត្តម សូមអបអរសាទរក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសសាកល្បងទទួលទេសចរណ៍វ៉ាក់សាំងនៅថ្ងៃទី៣០ ខែវិច្ឆិកា ២០២១។ ឯកឧត្តម អគ្គកុងស៊ុលវៀតណាម បានបន្តថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កាន់តែពង្រឹងពង្រីកឥតឈប់ឈរ ទោះបីមានជំងឺកូវីដ-១៩រាតត្បាត ។
ឯកឧត្តម អគ្គកុងស៊ុល បានថ្លែងការកោតសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុ បានជួយពិនិត្យព្យាបាលជំងឺកូវីដ-១៩ ដល់ប្រជាជនវៀតណាមដោយមិនគិតថ្លៃ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ប្រជាជនដើមកំណើតវៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន១០០ភាគរយ និងជូនពរឯកឧត្ដមអភិបាលខេត្ត មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។