ទណ្ឌិត ៧​នាក់ នៅ​ខេត្តស្ទឹងត្រែង ហែក​គុក​រត់គេចខ្លួន​!

​ខេត្តស្ទឹងត្រែង​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អូន ស៊ី​វុត្ថា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា អ្នកទោស​ចំនួន ៧​នាក់ នៅក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង បាន​ហែក​គុក​រត់គេចខ្លួន នៅវេលា​ម៉ោងជាង​៣​ទៀបភ្លឺ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។​

​លោក បន្តថា ខណៈ​នេះ​កម្លាំង​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​ពន្ធនាគារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ព្រំដែន ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​អ្នកទោស​ទាំងនេះ​មកវិញ​។​

​សូមជម្រាបថា អ្នកទោស​ទាំង​៧​នាក់​នេះ បាន​វៃ​ទម្លុះ​ជញ្ជាំង​គុក រួច​រត់គេចខ្លួន​។ ពួកគេ​ទាំងនេះ មានទោស​ភាគច្រើន​ជាមួយ​គ្រឿងញៀន​។​

​បើតាម​លោក ឈុន តារា ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ឲ្យ​ដឹង​ដែរ​ថា ក្នុងចំណោម​អ្នកទោស ៧​នាក់ មាន​ម្នាក់​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្នុងករណី​ជួញដូរ​គ្រឿងញៀន និង​៦​នាក់​ទៀត​ជាប់ទោស​ស្រាល​។​

​លោក​ថា ក្នុងចំណោម​អ្នកទោស​រត់គេចខ្លួន​៧​នាក់ មាន​៦​ស្ថិត​ក្នុងករណី​ជួញដូរ​គ្រឿងញៀន និង​ម្នាក់​ជាប់ទោស​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close