អាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះប្រាសាទបន្ទាយស្រីដំដែក
ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការទល់ទ្រដើម្បីជួយសង្ក្រោះប្រាសាទបន្ទាយស្រីដំដែក ដែលស្ថិតនៅក្នុងឃុំដំដែក ស្រុកសូទ្រនិគម បានជោគជ័យហើយបន្ទាប់ពីបានប្រឹងប្រែងលើការងារអស់រយៈពេលជាង៣ខែមកនេះ។
មន្ត្រីទទួលបន្ទុកការងារការដ្ឋានលោក ពុទ្ធ សុទ្ធ ឱ្យដឹងថាការទល់ទ្រនេះ គឺក្នុងគោលបំណងជួយពង្រឹងសង្គ្រោះប្រាសាទឱ្យជៀសផុតពីហានិភ័យ។ បច្ចុប្បន្នប្រាសាទបន្ទាយស្រីដំដែកមានសភាពទ្រុឌទ្រោមខ្លាំងនៅប្រាង្គកណ្តាលនៅត្រង់ស៊ុមទ្វារ ស៊ុមបង្អួចដែលមានស្នាមប្រេះបែកបាក់។
ប្រសិនបើពុំមានការជួយទល់ទ្រសង្គ្រោះឱ្យបានទាន់ពេលទេ នោះចំណុចទាំងនោះនឹងប្រឈមបញ្ហា។ ចំពោះដំណើរការទល់ទ្រប្រាសាទបន្ទាយស្រីដំដែកចាប់តាំងតែពីអំឡុងចុងខែសីហា ហើយទើបតែបញ្ចប់កាលពីចុងខែតុលា ឆ្នាំ២០២១។
ប្រាសាទបន្ទាយស្រីដំដែកស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគមក្នុងបរិវេណវត្ដប្រាសាទបន្ទាយស្រី ចម្ងាយប្រមាណ ៣៤គីឡូម៉ែត្រ ភាគខាងកើតនៃទីរួមខេត្ដសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។