អង្គការសហប្រជាជាតិ ព្រមានពីគ្រោះអត់ឃ្លាន កើនឡើងក្នុងឆ្នាំ២០២១
កម្មវិធីស្បៀងអាហារពិភពលោក WFP នៅថ្ងៃទី ៨ខែវិច្ឆិកា បានប្រកាសថាចំនួនពលរដ្ឋប្រឈមនិងគ្រោះអត់ឃ្លាននៅក្នុង៤៣ប្រទេសជុំវិញពិភពលោក ដោយមានពលរដ្ឋ៤៥លាននាក់ប្រឈមនិងគ្រោះអត់ឃ្លាន។ ប្រទេសដែលប្រឈមនិងគ្រោះអត់ឃ្លានខ្លាំងជាងគេគឺ Afghanistan, Ethiopia, Haiti, Somalia, Angola, Kenya និង Burundi។
បើតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) ការកើនឡើងនៃចំនួនប្រជាជន ប្រឈមមុខគ្រោះទុរភិក្សពី ៤២លាននាក់កាលពីដើមឆ្នាំ២០២១ មកដល់ ៤៥លាននាក់នៅពេលនេះ គឺដោយសារការវាយតម្លៃលើសន្តិសុខស្បៀងអាហារ ដែលត្រូវបានគេរកឃើញថា ប្រជាជនចំនួន ០៣លាននាក់ផ្សេងទៀត កំពុងប្រឈមនឹងគ្រោះទុរភិក្សក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការកើនឡើងនៃភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ក៏ត្រូវបានគេមើលឃើញនៅក្នុងប្រទេសអេត្យូពី, ហៃទី, សូម៉ាលី, អង់ហ្គោឡា, កេនយ៉ា និងប៊ូរុនឌីផងដែរ។
លោក David Beasley ប្រធានគ្រប់គ្រងកម្មវិធីរបស់ WFP ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថា «មនុស្សរាប់សិបលាននាក់ កំពុងស្ថិតនៅមាត់ជ្រោះដ៏គ្រោះថ្នាក់។ យើងមានបញ្ហាជម្លោះ, បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាជំងឺឆ្លងរាតត្បាតសកល COVID-19 ដែលជំរុញឱ្យមានការកើនឡើង នៃភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរបែបនេះ»។
លោក David Beasley បានថ្លែងបន្ទាប់ពីការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែល WFP កំពុងបង្កើនជំនួយដល់មនុស្សជិត ២៣លាននាក់នោះថា «ទិន្នន័យចុងក្រោយបង្អស់ បានបង្ហាញថា នាពេលឥឡូវនេះមានមនុស្សជាង ៤៥លាននាក់កំពុងដើរឆ្ពោះទៅរកភាពអត់ឃ្លាន។ តម្លៃប្រេងឥន្ធនៈឡើងថ្លៃ តម្លៃស្បៀងអាហារក៏ឡើងថ្លៃ ជីដំណាំក៏មានតម្លៃថ្លៃ ហើយទាំងអស់នេះបាននិងកំពុងដឹកនាំយើង ឆ្ពោះទៅរកការប្រឈមនឹងវិបត្តិថ្មីៗ ដូចជាប្រទេសអាហ្វហ្គានីស្ថានជួបប្រទះ ក៏ដូចជាគ្រោះអាសន្នដែលកើតមានយូរមកហើយ ដូចជានៅប្រទេសយេម៉ែន និងស៊ីរីជាដើម»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។