ក្រុមតាលីបង់ពង្រឹងសន្តិសុខជាតិ ដោយតែងតាំងមន្ត្រី៤៤រូប
ក្រុមតាលីបង់បានសម្រេចតែងតាំងតំណែងសំខាន់ ក្នុងនោះមានអភិបាលខេត្ត និងស្នងការខេត្តដើម្បីពង្រឹងអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងការគំរាមកំហែងពីក្រុងភេរវកម្ម និងបញ្ហាសេដ្ឋកិច្ចជាតិ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាការតែងតាំងទ្រង់ទ្រាយធំបំផុតចាប់តាំងពីក្រុមតាលីបង់បង្កើតរដ្ឋាភិបាលថ្មីនៅខែកញ្ញា។ ក្នុងបញ្ជីឈ្មោះតែងតាំងថ្មី មានលោក Qari Baryal កាន់តំណែងជាអភិបាលខេត្តកាប៊ុល និងលោក Wali Jan Hamza កាន់តំណែងជាស្នងការប៉ូលិសទីក្រុងកាប៊ុល។
មន្ត្រីទទួលបន្ទុកផ្នែកសន្តិសុខក្នុងទីក្រុងកាប៊ុលនាពេលកន្លងមកគឺលោក Mawlawi Hamdullah Mukhlis បានស្លាប់កាលពីសប្តាហ៍កន្លងមក ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមភេរវកម្ម IS ដែលវាយប្រហារនៅមន្ទីរពេទ្យ ក្នុងរដ្ឋធានីកាប៊ុល។
ក្រុមតាលីបង់បានដណ្តើមសិទ្ធិគ្រប់គ្រងអាហ្វហ្គានីស្ថាននៅថ្ងៃទី១៥ខែសីហា ប៉ុន្តែប្រឈមនឹងបញ្ហាសន្តិសុខជាច្រើន ។ ក្រុមភេរវកម្ម IS បានបង្កើនសកម្មភាពវាយប្រហារនៅលើទឹកដីអាហ្វហ្គានីស្ថានក្នុងគោលដៅដណ្តើមទីតាំងគ្រប់គ្រង។
វិស័យសេដ្ឋកិច្ចអាហ្វហ្គានីស្ថានធ្លាក់ក្នុងវិបត្តិក្រោយពេលក្រោយការលីបង់គ្រប់គ្រង។ សហគមន៍អន្តរជាតិ បានអំពាវនាវដល់ក្រុមនេះពិភាក្សាជាមួយ បណ្តាក្រុមនយោបាយក្នុងប្រទេសដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ និងចែករំលែកផ្តល់តំណែងដល់ស្ត្រីនៅក្នុងរដ្ឋាភិបាលផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។