រដ្ឋបាល​ស្រុក​បន្ទាយស្រី រៀបចំ​ពិធី​ដាល់អំបុក​រយៈពេល​៣​ថ្ងៃ ក្នុង​បរិវេណ​បរិមណ្ឌល​(​រង្វង់​មូល​)​បន្ទាយស្រី​

​ខេត្តសៀមរាប​៖ រដ្ឋបាល​ស្រុក​បន្ទាយស្រី បានប្រកាស​រៀបចំ​ពិធី​ដាល់អំបុក រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ក្នុង​បរិវេណ​បរិមណ្ឌល​(​រង្វង់​មូល​)​បន្ទាយស្រី​។​

​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​មានប្រសាសន៍ថា ការរៀបចំ​កម្មវិធី​ដាល់អំបុក​នេះ ក្រោម​កិច្ចសហការ​រវាង​ប្រជាពលរដ្ឋ​មកពី​ភូមិ​ព្រះ​ដាក់ ក្នុង​ឃុំ​ព្រះ​ដាក់ រួមជាមួយ​សហគមន៍​ទេសចរណ៍​នានា នៃ​ស្រុក​បន្ទាយស្រី ក្នុង​គោលបំណង​បង្ហាញ​ពី​ទំនៀមទម្លាប់​ប្រពៃណី​ចាស់​បុរាណ​ក្នុង​ស្រុកភូមិ​នៅពេល​ចាប់ផ្តើម​ប្រមូល​ផល​ស្រូវ​ថ្មី និង​ជាការ​បង្ហាញ​ឱ្យ​ភ្ញៀវទេសចរ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់រ​ង្វ​ង់​មូល​នេះ បានឃើញ​ផងដែរ ។

​លោក ឃឹម ហ្វី​ណង់ មានប្រសាសន៍ថា ស្រូវ​ដែល​ត្រូវ​យកមក​ដាល់អំបុក​នា​ពេលនេះ គឺជា​ស្រូវ​ច្រូតកាត់​ពី​រង្វង់​មូល​បន្ទាយស្រី ដោយ​ច្រូត​ភ្លាម​យកមក​ដាក់​អំបុក​ភ្លាម ហើយ​សម្រាប់​ភ្ញៀវទេសចរ ដែលមាន​ចាប់​ណាប់​អារម្មណ៍​ជាមួយនឹង​អំបុក​ស្រូវ​ថ្មី​នេះ អាច​ចូលមក​ទិញ​បាន ឬ​អាច​ច្រូតស្រូវ​ដោយ​ខ្លួនឯង ហើយ​យកមក​ដាល់អំបុក​ដោយ​ខ្លួនឯង​ក៏បាន ដើម្បី​បង្ហាញ​នូវ​ការសប្បាយ​ផង និង​ឈ្វេងយល់​ពី​របៀប​នៃ​ការផលិត​អំបុក​របស់​ប្រជាជន​នៅតាម​ភូមិ​នៃ​តំបន់​ជនបទ​ផង ជាពិសេស​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​នៅទីនេះ ត្រូវតែ​ពាក់​ម៉ាស់ រក្សា​គម្លាត ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព​សុខាភិបាល ដោយ​មិនឱ្យ​មានការ​ប្រមូលផ្តុំ​កកកុញ​នោះទេ បើទោះជា​យើង​ចង់​ជំរុញឱ្យមាន​ចរន្ត​ទេសចរ​ឡើងវិញ​ក្នុង​កម្រិត​ណាក៏ដោយ ក៏​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាល​ដាន​មេរោគ​កូ​វីដ​-១៩ ។​

​លោក​អភិបាលស្រុក​បន្ទាយស្រី បានបញ្ជាក់​បន្ថែមថា រង្វង់​មូល​បន្ទាយស្រី ត្រូវបានធ្វើ​ការកែប្រែ និង​អភិវឌ្ឍន៍​ទៅតាម​រដូវ​កាល ក្នុងន័យ​ជា​គោលដៅ​ទេសចរណ៍ ដូចជា ពេល​រដូវវស្សា​យើង​ដាំ​ស្រូវ និង​រដូវរំហើយ យើង​ដាំ​ផ្កា ដែល​អាចឱ្យ​ភ្ញៀវទេសចរ​មក​លំហែកាយ និង​ថតរូប​លេង​កម្សាន្ត​សប្បាយ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close