អគ្គនាយកដ្ឋាន​ពន្ធដា​រ ព្យាករណ៍​ថា ការប្រមូល​ចំណូល​ពន្ធ ក្នុង​ឆ្នាំ​២០២១​នេះ នឹង​លើសពី​ផែនការ​ដែល​បានកំណត់​១៥%

​ភ្នំពេញ​៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានឱ្យដឹងថា ការប្រមូល​ចំណូល​ពន្ធដារ សម្រាប់​ឆ្នាំ​២០២១​នេះ ត្រូវបាន​ព្យាករណ៍​ថា នឹង​លើសពី​ផែនការ​ដែល​បានកំណត់ ១៥% ខណៈ​ការប្រមូល​ចំណូល​ពន្ធ​១០​ខែ​ឆ្នាំនេះ លើស​ផែនការ​៣% បើទោះជា​រដ្ឋ​ផ្តល់​ការអនុគ្រោះ​លើកលែង​ពន្ធ ដល់​វិស័យ​មួយចំនួន ដោយសារ​ជួប​វិបត្តិ​កូ​វីដ​១៩ ក៏ដោយ​។ ឯកឧត្តម បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ នៅក្នុង​រោងចក្រ​ផលិត​ស្រា បៀរ​របស់​ក្រុមហ៊ុន HEINEKEN កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ឯកឧត្តម គង់ វិបុល បាន​បញ្ជាក់ថា «​ពន្ធ​លើ​ប្រាក់ចំណូល​ក្នុង​ឆ្នាំ​២០២១​នេះ មានការ​ធ្លាក់ចុះ​បន្តិច ជាង​ឆ្នាំ​២០២០ ដោយសារតែ​វិស័យ​មួយចំនួន ច្បាប់​បាន​អនុញ្ញាតឱ្យ​លើកលែង​ពន្ធ អីចឹង​វា​មានការ​ថយចុះ​ខ្លះ តែ​មិនអាក្រក់​ជាង​ឆ្នាំ​២០២០​នោះទេ​។ បើ​គិតពី​ផែនការ​ប្រមូល​ពន្ធ​ក្នុង​រយៈពេល​១០​ខែ​នេះ លើស​៣%​។ រហូត​រហូតដល់​ចុងឆ្នាំ យើង​មាន​២​ខែ​ទៀត ដើម្បី​ប្រមូល ប្រហែលជា​មិនតិចជាង​១៥%​ទេ គឺ​លើស​។ ហើយ​អ្វី​ដែលថា ការប្រមូល​ពន្ធ​នេះ​វា​លើស​ផែនការ សួរថា​ការព្យាករណ៍​នេះ​វា​ខុស​? មិន​ខុស​ទេ​»​។​

​លោក គង់ វិបុល បានឱ្យដឹង​បន្ថែមថា កាលពី​កន្លងមក​ទៅ រាជរដ្ឋាភិបាល​បានប្រកាស​លើកលែង​ពន្ធ លើ​វិស័យ​មួយចំនួន ដូចជា​វិស័យ​ទេសចរណ៍ អាកាសចរណ៍ ដែលជា​វិស័យ​រងគ្រោះ​ខ្លាំង បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ រហូតដល់​ចុងឆ្នាំ​២០២១​។ បើទោះបីជា​រាជរដ្ឋាភិបាល​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ ប៉ុន្តែ​វិស័យ​ទាំងនេះ នឹងត្រូវ​ទទួលបាន​កា​រ​អនុគ្រោះ​ពន្ធ​ចំនួន​៦​ខែ​បន្ថែមទៀត នៅ​ឆ្នាំ​២០២២​ខាងមុខ ពោលគឺ​លែង​លែង​ពន្ធ​រហូត​ខែមិថុនា ឆ្នាំ​២០២២ ដោយ​ចង់ឱ្យ​វិស័យ​ទាំងនេះ ពង្រឹង​ខ្លួន​ឱ្យ​រឹងមាំ​សិន​។​

​សូមជម្រាបថា រយៈពេល​៩​ខែ ឆ្នាំ​២០២១​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល​ចំណូល​ពន្ធ​សម្រាប់​ថវិកាជាតិ​បាន ២,១១១​លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង ៩៤.១២​នៃ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close