ឥណ្ឌា ​និង​ស្រី​ក​ង្កា​ ប្រឈម​គ្រោះទឹកជំនន់ ស្លាប់​ជាង​៤០​នាក់​

គ្រោះទឹកជំនន់​បណ្តាលមកពី​ការធ្លាក់​ភ្លៀង​ខ្លាំង នៅឯ​តំបន់​ភាគខាងត្បូង​ឥណ្ឌា និង​នៅ​ស្រីលង្កា បាន​ផ្តាច់ជីវិត​មនុស្ស​អស់យ៉ាង​ហោច ៤១​នាក់ ប៉ុន្តែ​ការ​ព្យាករ​បង្ហាញថា ស្ថានភាព​ធ្លាក់ភ្លៀង​នេះ នឹង​ចុះ​អន់ថយ​ទៅវិញ ក្នុងពេល​ប៉ុន្មាន​ខែ​ខាងមុខ​។​

​អាជ្ញាធរ​ឧតុនិយម​នៅ​ប្រទេស​ឥណ្ឌា បាន​ឲ្យ​ដឹងថា ក្នុងពេល​ប៉ុន្មាន​ទៀត តំបន់​ដែល​រង​ការប៉ះពាល់ នឹង​ទទួលរង​ការធ្លាក់​ភ្លៀង​ចាប់ពី​តិចតួច ទៅ​ត្រឹម​បង្គួរ​ប៉ុណ្ណោះ ខណៈ​ផ្លូវ​មួយចំនួន និង​កន្លែង​វាលទំនាប អាច​នៅមាន​ការ​ជន់​លិច​ខ្លះៗ​។ ចំណែក​នៅ​ស្រីលង្កា ភ្លៀង​ត្រូវបាន​ព្យាករ​ថា នឹង​លែង​សូវ​ធ្លាក់​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បង្ក​ឲ្យ​មាន​អាកាសធាតុ​អាក្រក់ បាន​ចេញផុត​ឆ្ងាយ​ហើយ​។​

​គួរ​បញ្ជាក់ថា ភ្លៀង​ធ្លាក់​និង​ទឹកជំនន់ បានសម្លាប់​មនុស្ស​២៥​នាក់ នៅ​ប្រទេស​ដី​កោះ​ស្រីលង្កា ដោយ​ភាគច្រើន​គឺ​ដោយសារតែ​លង់ទឹក ខណៈ គ្រោះ​បំណាក់​ដី បាន​បង្ក​ឲ្យ​៥​នាក់​រងរបួស​។ ចំណែក​មនុស្ស​១៦​នាក់​ទៀត នៅ​រដ្ឋ​តា​មិ​ល​ណា​ដូ (Tamil Nadu) របស់​ឥណ្ឌា ក៏បាន​បាត់បង់​ជីវិត ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close