កម្ពុជាបដិសេធដាច់អហង្ការ ចំពោះអាមេរិកដែលបានដាក់ទណ្ឌកម្មមកលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា២រូប
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការ ចំពោះអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា យុទ្ធនាការលាបពណ៍ និងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុងដល់ឯករាជ្យភាព និងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ។
ហើយការដាក់ទណ្ឌកម្មនេះ គឺជាការអនុវត្តផ្ទុយទៅនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស (៤៦/៥) ដែលត្រូវបានអនុម័តក្នុងខែមីនា ឆ្នាំ២០២១ ហើយដែលបានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបន្តប្រើប្រាស់វិធានការដោយបង្ខិតបង្ខំជាឯកតោភាគីរបស់មហាអំណាចមួយចំនួន ជាឧបករណ៍ ដាក់សម្ពាធលើប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ សំដៅរារាំងប្រទេសទាំងនោះមិនឱ្យ អនុវត្តសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។
សេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាតែងតែបង្ហាញនូវបំណងប្រាថ្នាចង់ឱ្យមានទំនាក់ទំនងកាន់តែរឹងមាំ និងជិតស្និទ្ធជាងនេះ ទោះបីជាមានអតីតកាលដ៏ឈឺចាប់ជាមួយសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ ក្នុងសប្តាហ៍នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការ “ធ្វើការរួមគ្នាជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានបន្ទាប់”។ ក៏ប៉ុន្តែ ទណ្ឌកម្មដែលដាក់ចេញដោយមិនស្របច្បាប់នេះ គឺជាការបោះជំហានខុសទិសដៅមួយទៀតដែលងាកចេញទាំងស្រុងពីស្មារតីមិត្តភាព និងកិច្ចខិតខំប្រឹងប្រែងជាថ្មី ក្នុងការជំរុញភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ នៅក្នុងវិស័យមួយចំនួនដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការប្រយុទ្ធប្រឆាំងភេរវកម្ម បេសកកម្មថែរក្សាសន្តិភាព ការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន(POW/MIA) ការធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋខ្មែរ អ្នកស្ម័គ្រចិត្ត Peace Corps ទំនាក់ទំនងប្រជាជន និងប្រជាជន និងបញ្ហាសំខាន់ៗក្នុងតំបន់នៃផលប្រយោជន៍រួម។
សូមរម្លឹកថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មជា ទៅលើឧត្តមសេនីយ៍យោធាជាន់ខ្ពស់កម្ពុជា ចំនួន ពីររូប គឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នៃក្រសួងការពារជាតិ ក្រោមការអនុវត្តច្បាប់ Global Magnitsky ដែលធ្វើឱ្យមន្ត្រីយោធាជាន់ខ្ពស់ទាំងពីររូបស្ថិតនៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។