អ្នកនាំពាក្យក្រសួងធម្មការ ៖ ព្រះសង្ឃណានិមន្តបិណ្ឌបាតតាមផ្សារនឹងត្រូវចាប់ផ្សឹក
បន្ទាប់ពីក្រសួងធម្មការ និងសាសនាបានប្រកាសឱ្យបើកដំណើរការឡើងវិញនូវពិធីនានាតាមបែបសាសនា អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់ព្រះសង្ឃមិនត្រូវនិមន្តបិណ្ឌបាតតាមទីផ្សារឡើយ តែបើមានព្រះសង្ឃអង្គណាហ៊ានល្មើសបម្រាមនឹងត្រូវប្រឈមការចាប់ផ្សឹកដើម្បីកុំឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍ថា មានជនខិលខូចមួយចំនួន ដែលយកសាសនាធ្វើជាឈ្នាន់សម្រាប់ធ្វើអាជីវកម្មដូចជាដើររ៉ៃអង្គាសប្រាក់ ឬក្លែងធ្វើជាសង្ឃត្រូវបញ្ឈប់ទង្វើទាំងនេះជាបន្ទាន់ ដើម្បីចៀសវាងប្រឈមនឹងទោសទណ្ឌតាមផ្លូវច្បាប់ ហើយលោកបានអំពាវនាវដល់ព្រះសង្ឃដែលនិមន្តបិណ្ឌបាតរាល់ថ្ងៃនៅតាមភូមិឋាននានាត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ឱ្យបានខ្ពស់បន្ថែមទៀត ទោះបីស្ថានភាពជំងឺនេះមានភាពធូរស្រាលបន្តិចក៏ដោយ តែអត្រានៃការស្លាប់របស់អ្នកជំងឺនៅតែជាអត្រាដែលគួរឱ្យបារម្ភដដែល ។
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានថ្លែងបន្តថា នៅពេលនិមន្តបិណ្ឌបាតតាមភូមិព្រះសង្ឃត្រូវពាក់ម៉ាស និងត្រូវយកអាល់កុលដាក់តាមជាប់រហូត និងត្រូវរក្សាគន្លាតពីពុទ្ធបរិស័ទយ៉ាងតិច២ម៉ែត្រ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ និងដើម្បីកុំឲ្យនាំជំងឺនេះមកចម្លងដល់ព្រះសង្ឃផ្សេងៗទៀតនៅក្នុងទីអារាម ។
លោក សេង សុមុនី បានបន្ថែមថា បច្ចុប្បន្នព្រះសង្ឃនៅរាជធានីភ្នំពេញអាចនិមន្តបិណ្ឌបាតបានឡើងវិញហើយដោយសារស្ថានភាពជំងឺកូវីដមានភាពធូរស្រាលបន្តិច ហើយរាជរដ្ឋាភិបាលក៏បានចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញផងដែរ បន្ទាប់ពីបានផ្អាកមួយរយៈដោយសារបញ្ហាជំងឺកូវីដឆ្លងរាលដាលខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។