សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនឆ្លងដែន រឹបអូសជាង ១៦៧គីឡូក្រាម ចាប់ខ្លួនជនជាតិកាណាដាម្នាក់ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញជនជាតិកាណាដាម្នាក់ ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជាង ១៦៧គីឡូក្រាម នៅរាជធានីភ្នំពេញ។
បើតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅចំនួន៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គឺទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី៣-នៅបន្ទប់ 13AD និង 13AE ខុនដូរ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង។
ជាលទ្ធផលកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី 11/11/1969 កាន់លិខិតឆ្លងដែនការណាដា លេខ: AC790143។ ចំណែកយកវត្ថុតាងចាប់បាន៖ អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ផ្កាឈូក ៨៥,៩២២គ្រាប់, អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ប្រផេះ ១៥៤,៤៧៤គ្រាប់, អ៊ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ 50,022.72g, អ៊ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ 24,700.81g, នីមេតាហ្សេប៉ាម(Nimetazepam) ៩,៧៥០គ្រាប់, មេតំហ្វេតាមីន(ICE) ទម្ងន់ 98.97g, កេតាមីន (Ketamine) 2,320g, សរុបរួម ១៦៧គ.ក្រ ៤៧៥.៤៣ក្រាម និងអាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។