វៀតណាម​៖ ក្រុមហ៊ុន​ដឹកជញ្ជូន​ឡើងថ្លៃ​សេវា ដោយសារ​ប្រេង​ឡើងថ្លៃ​

វៀតណាម​៖ ទីភ្នាក់ងារ​ព័ត៌មាន​VNexpress បានចេញ​ផ្សាយ កាលពី​ចុង​សប្តាហ៍​ថា បណ្តា​ក្រុមហ៊ុន​ដឹកជញ្ជូន នៅ​វៀតណាម បាន​បង្កើន​ថ្លៃ​សេវាកម្ម ពី​៥ ទៅ​១០​ភាគរយ ក្រោយពេល​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ថ្មីៗ​នេះ​។​

​ដោយមាន​រថយន្ត សម្រាប់​ជួល ៣០​គ្រឿង ក្រុមហ៊ុន Hoang បាន​អះអាងថា ខ្លួន​បាន​បង្កើន​ថ្លៃ​ដឹកជញ្ជូន ១០​ភាគរយ ដោយ​បញ្ជាក់ថា ក្រៅពី​ប្រេងសាំង​ឡើងថ្លៃ​នោះ ទំនិញ​ផ្សេងៗ​ទៀត ក៏​ឡើងថ្លៃ​ដែរ ហើយ​តម្លៃ​ជួសជុល ថែទាំ​រថយន្ត​ក៏​ឡើងថ្លៃ​។​

​នៅ​វៀតណាម តម្លៃ​សាំង​លក់រាយ គិត​ត្រឹម​ថ្ងៃទី​១៣ ឬ ១៤ វិច្ឆិកា នៅក្នុង​១​លីត្រ គឺ ១.១០​ដុល្លារ​អាមេរិក ឬ ២៥ ០០០​ដុង ជាការ​ឡើងថ្លៃ​ខ្លាំង​លើ​ដំបូង តាំងពី​ឆ្នាំ​២០១៣​មក​។ ក្រុមហ៊ុន​ផ្សេងៗ​ទៀត ក៏បាន​អះអាង​ពី​ការ​ឡើងថ្លៃ ដឹកជញ្ជូន ព្រោះ​បញ្ហា​ប្រេងសាំង​នេះដែរ ដូចជា ក្រុមហ៊ុន Lam Vinh ជាដើម​។​

Bui Van Quan ប្រធាន​សមាគម​ដឹកជញ្ជូន​ទំនិញ​ក្រុង​ហូជីមិញ បាន​លើកឡើងថា សមាជិក​របស់ខ្លួន បាន​ដំណើរការ​សេវាកម្ម ត្រឹម​៥០​ភាគរយ​ប៉ុណ្ណោះ ដោយ​លោក សង្ឃឹមថា រដ្ឋាភិបាល គួរ​ដក ឬ​កាត់បន្ថយ​ការបង់ថ្លៃ​ផ្សេងៗ ជូន​រដ្ឋ​សម្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន​នានា ជាពិសេស​ថ្លៃ​ថែទាំ​ផ្លូវ និង​សេវា​ហើយ ថ្លៃ​ការពារ​បរិស្ថាន ដែល​បន្ថែម លើ​ថ្លៃ​ប្រេងសាំង គួរតែ​កាត់បន្ថយ​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close