ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យ​អ្នកដំណើរ​អន្តរជាតិ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ ចូលមក​កម្ពុជា ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​សក្តិ​

​ភ្នំពេញ​៖ នា​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួងទេសចរណ៍​ចេញ​សេចក្តីជូនដំណឹង លេខ ៤៦២ សជណ​.​អគ​ឧ ស្តីពី​ការអនុញ្ញាតឱ្យ​ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពេញលេញ ចូលក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​សក្តិ​។​

​យោងតាម​សេចក្តីជូនដំណឹង​នេះ ក្រសួងទេសចរណ៍​មាន​កិត្តិយស និង​សេចក្តី​រីករាយ សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ​ទាំងអស់ មេត្តា​ជ្រាបថា ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាតឱ្យ​ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ​ពី​ក្រៅប្រទេស​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ទ្បី​ស័ក​ទ្បើ​យ ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ ដូចខាងក្រោម​៖
១.​ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដូ​ស​មូលដ្ឋាន​ពេញលេញ ហើយ​ចូលមក​កម្ពុជា​តាមផ្លូវ​អាកាស​,​ផ្លូវគោក និង​ផ្លូវទឹក ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​បណ្ណ ឬ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​បញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដូ​ស​មូលដ្ឋាន​ពេញលេញ និង​វិញ្ញាបនបត្រ​បញ្ជាក់ថា​គ្មាន​កូ​វីដ​-១៩ (​ដោយ​ម៉ាស៊ីន PCR) ដែលមាន​សុពលភាព​រយៈពេល​៧២​ម៉ោង និង​ទទួលស្គាល់​ដោយ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​សា​ម៉ី​។ ពេលមកដល់​កម្ពុជា​, ទេសចរ​តម្រូវឱ្យ​ធ្វើតេស្ត​រហ័ស​កូ​វីដ​១៩ (COVID-19 Rapid Test) អនុវត្ត​ដោយ​មន្ត្រី​សុខាភិបាល​នៅតាម​ច្រកទ្វារ​ចេញ​-​ចូល​កម្ពុជា ហើយ​ត្រូវ​រង់ចាំ​លទ្ធផល​តេស្ត​រហ័ស​រយៈពេល​ពី​១៥ ទៅ ២០​នាទី​សិន​។ បន្ទាប់ពី​តេស្ត​រហ័ស​បង្ហាញ​លទ្ធផល​អវិជ្ជមាន ទេសចរ​អាចធ្វើ​ដំណើរ​បាន​ដោយ​សេរី​នៅ​ទូទាំង​កម្ពុជា ដោយ​មិន​កម្រិត​តំបន់ ឬ​ខេត្ត ក្រុង​នោះទេ និង​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ទ្បី​ស័ក​ទ្បើ​យ​។​
២.​ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ហើយ​ធ្វើដំណើរ​ចូលមក​កម្ពុជា តម្រូវឱ្យ​យក​សំណាក​ដើម្បី​ធ្វើតេស្ត​ដោយ​ម៉ាស៊ីន​PCR នៅតាម​ច្រកទ្វារ​ចេញ​-​ចូល​កម្ពុជា និង​ត្រូវធ្វើ​ច​ត្តា​ទ្បី​ស័ក​ពេញលេញ​រយៈពេល​១៤​ថ្ងៃ ស្របទៅតាម​នីតិវិធី​ជា​ធរមាន​។​
៣.​ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​មូលដ្ឋាន​ពេញលេញ ហើយ​កំពុង​ធ្វើ​ច​ត្តា​ទ្បី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ទ្បី​ស័ក​, សណ្ឋាគារ និង​គេហដ្ឋាន​នៅ​ទូទាំងប្រទេស និង​ដែល​មិនមាន​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​ការធ្វើ​ច​ត្តា​ទ្បី​ស័ក ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ​។​

​ក្រសួងទេសចរណ៍​មាន​កិត្តិយស​សូម​ជម្រាបជូន​ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​រហូតដល់​ជិត​៨៨%​នៃ​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់​រួចហើយ បច្ចុប្បន្ន កំពុងផ្តល់​ជូន​នូវ​វ៉ាក់សាំង​ដូ​ស​ជំរុញ​ថែមទៀត និង​បន្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​០៥​ឆ្នាំ​ផងដែរ​។​

​ភាពជោគជ័យ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បាន​បង្កើត​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍​យ៉ាងរឹងមាំ ដែល​អនុញ្ញាតឱ្យ​កម្ពុជា​អាច​បើក​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ពេញលេញ​ឡើងវិញ ក្នុងនោះ​រួមមាន​វិស័យ​ទេសចរណ៍​ផងដែរ​។​
​បច្ចុប្បន្ន ទេសចរ​ផ្ទៃក្នុង បាននិងកំពុង​ធ្វើ​ចលនា​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​ប្រកបដោយ​សុវត្ថិភាព និង​ភាពសប្បាយ​រីករាយ​។​

​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ភ្ញៀវទេសចរ​អន្តរជាតិ និង​អ្នកដំណើរ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដូ​ស​មូលដ្ឋាន​ពេញលេញ ចូលមក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា តាម​គ្រប់​ច្រកទ្វារ​អន្តរជាតិ​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក និង​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close