ថវិកាជាង ៣លានដុល្លារទៀត នឹងត្រូវចំណាយលើការតភ្ជាប់បណ្ដាញលូទឹកភ្លៀង និងទឹកកក្វក់ ចូលផ្ទះពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ ៣៨ខ្សែ នៃខេត្ដសៀមរាប
ខេត្ដសៀមរាប៖ មានប្រសាសន៍នៅក្នុងសន្នីសីទសារព័ត៌មានមួយ នៅខេត្ដសៀមរាប កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានបញ្ជាក់ថា ដើម្បីដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋដែលស្នើសុំភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះពួកគាត់ចូល ក្នុងបណ្តាញលូររបស់រដ្ឋ ដោយត្រូវបង់ប្រាក់ និងបញ្ហាចំណតរថយន្តនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់វិកាចំនួន ៣លាន ៨សែនដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងតភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ចូលប្រព័ន្ធលូររដ្ឋ របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវ៣៨ខ្សែនោះ ដែលប្រជាពលរដ្ឋមិនត្រូវចំណាយថវិកាខ្លួនឯងនោះទេ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា ប្រព័ន្ធលូទឹកភ្លៀងនិងទឹកកក្វក់ មានចំនួនប្រមាណជាង១ម៉ឺន២ពាន់កន្លែង ដែលនៅតាមសងខាងគម្រោងផ្លូវចំនួន៣៨ខ្សែ និងចំណរថយន្ដមានប្រវែងជាង២ពាន់ម៉ែត្រ ហើយគម្រោងថវិកាសម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃកម្ពុជានាពេលនេះ គឺជាចំណងដៃថ្មីមួយទៀតសម្រាប់អ្នកខេត្ដសៀមរាប បន្ទាប់ពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្ថែមទៀតថា សមិទ្ធផលទាំងអស់នេះ នឹងប្រែក្លាយក្រុងសៀមរាបនេះ ឱ្យក្លាយទៅជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាទ្រព្យសម្បត្តិនេះឱ្យបានគង់វង្ស ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនាឆ្នាំក្រោយនេះ បន្ទាប់ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញនោះ។
គួររំលឹកថា គម្រោងសាងសង់ផ្លូវហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ហើយគិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដំណើរការស្ថាបនាផ្លូវទាំង៣៨ខ្សែ សម្រេចបាន ៨៩,៣៩ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។