គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៨៩,៣៩%ហើយ!
ខេត្តសៀមរាប៖ យោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លទ្ធផលការងារនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបាន ៨៩,៣៩%នៃទំហំការងារសរុប។
គម្រោងសាងសង់នេះមានប្រវែងសរុប១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧០គីឡូម៉ែត្រ ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦៤ គីឡូម៉ែត្រ ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣៨ គីឡូម៉ែត្រ ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦២ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩០គីឡូម៉ែត្រផងដែរ។
ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប២៤៨,៧២៤ គីឡូម៉ែត្រ ការងារ សាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប១៤៧,០០៥ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១៩គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន ការងារ បំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើង សញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។