ឯកឧត្តម ថោង ខុន ដឹកនាំ​គណៈប្រតិភូ ចូលរួម​ទស្សនា​ពន្លា​ជាតិ​កម្ពុជា នៅ​ទីក្រុង​ឌុយ​បៃ សហភាព​អារ៉ាប់​រួម​

ឌុយ​បៃ​៖ ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​សន្និបាត​លើក​ទី​៤០ របស់​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា មក​ចូលរួម​គាំទ្រ និង​ទស្សនា​ពន្លា​ជាតិ​កម្ពុជា ដែល​កំពុង​រៀបចំ​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក រយៈពេល ៦​ខែ នៅក្នុង​ទីក្រុង​ឌុយ​បៃ សហភាព​អារ៉ាប់​រួម​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មានការ​ចូលរួម​ដោយ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ព្រមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត នៃ​ក្រសួងទេសចរណ៍ និង​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ​យ៉ាង​ខ្លាំង​អំពី​ពន្លា​ជាតិ​កម្ពុជា​យើង ដែល​បាន​រៀបចំឡើង​តាម​រចនាបថ​ខ្មែរ ដោយ​ច្របាច់​បញ្ចូល​គ្នា​រវាង​វប្បធម៌​នា​សម័យបុរាណ និង​ការរីកចម្រើន​នា​សម័យ​ទំនើប​បច្ចុប្បន្ន​។ ឯកឧត្តម បាន​បញ្ជាក់ថា ការចូលរួម​របស់​ក​ម្ពុ​ជា​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​នៅពេលនេះ គឺមាន​សារៈប្រយោជន៍​ខ្លាំងណាស់ ក្រៅពី​ការបង្កើត​ទំនាក់ទំនង​ល្អជា​មួយ​ភាគី​ម្ចាស់ផ្ទះ​សហភាព​អារ៉ាប់​រួម ក៏ដូចជា​ជាមួយ​បណ្តា​ប្រទេស​អ្នកចូលរួម​នានា កម្ពុជា​មានឱកាស​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​កម្ពុជា វប្បធម៌​កម្ពុជា​ដ៏​រុងរឿង ផលិតផល​សក្តានុពល​កម្ពុជា និង​សមិទ្ធផល​ធំៗ​ជាច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។​

​ឯកឧត្តម មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក និង​ស្រប​ពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចូលមក​កាន់​កម្ពុជា​ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នោះ កម្ពុជា នឹង​ទទួលបាន​នូវ​កំណើន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​យ៉ាងច្រើន​ចាប់ពី​ចុងខែ​វិច្ឆិកា​នេះ​តទៅ​។​

​ចុងបញ្ចប់ ឯកឧត្តម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គណៈកម្មការ​រៀបចំ​ពិព័រណ៍ ដែល​បាន​ជួយ​សម្របសម្រួល និង​ទទួល​ស្វាគមន៍​គណៈប្រតិភូ​កម្ពុជា​យ៉ាង​កក់ក្តៅ និង​ជូនពរ​ដល់​ក្រុមការងារ​ប្រចាំការ​នៅ​ពន្លា​ជាតិ​កម្ពុជា ឱ្យទទួល​ជោគជ័យ​ក្នុងការ​ប្រតិបត្តិការ​ងា​រ​ប្រចាំថ្ងៃ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​នៅ​ទីក្រុង​ឌុយ​បៃ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close