សំណល់​រឹង​សំរាម​ជាង ១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ មាន​កំណើន​ប្រមាណ ១៥% ក្នុង​១​ឆ្នាំ នៅ​កម្ពុជា​

«​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​នៅតាម​ផ្ទះសម្បែង ភូមិ​ឃុំ​របស់ខ្លួន ញែក​សំរាម​តាម​ប្រភេទ វេច​ខ្ទប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ចូលរួម​អនុវត្ត​វិធានការ ៣ កុំ ៣ ការពារ​ដើម្បី​ភូមិដ្ឋាន​របស់​យើង​មាន​អនាម័យ​បរិស្ថាន​ល្អ មាន​ផាសុកភាព​សម្រាប់​ការ​រ​ស់​នៅ សុខុមាលភាព​ពលរដ្ឋ​យើង​ល្អ ជៀស​ផុតពី​ការឆ្លង​ជំងឺ​ទាំងឡាយ​»​។ នេះ​គឺជា​ការ ថ្លែង​អំពាវនាវ​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​នៅ​ផ្សារ​ត្រពាំងរ​ពៅ សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត ក្រោម​ប្រធានបទ «​ភូមិឋាន​ស្អាត សុខភាព​ល្អ ជីវិត​រីករាយ​»​។

​ក្រៅពី​ខេត្តកំពត រាជធានី​ខេត្ត​ផ្សេងៗ​ទៀត ក៏បាន​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​ក្រោម​ប្រធានបទ​ដូចគ្នានេះដែរ​ក្នុង​គោលបំណង​បំផុស​ចលនា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​ធ្វើ​អនាម័យ និង​កែលម្អ​សោភ័ណភាព​មូលដ្ឋាន​របស់ខ្លួន​ឱ្យ​ស្អាត និង​បៃតង​សំដៅ​កែប្រែ​ផ្នត់គំនិត​របស់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន និង​ជំរុញ​ការអនុវត្ត​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​ទៅ​រាជធានី ក្រុង ស្រុក​ទូទាំងប្រទេស​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ឆ្នាំ​២០២១ នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​បរិបទ​ដែល​កម្ពុជា និង​ពិភពលោក​បាននិងកំពុង​ខិតខំ​បើក​ដំណើរការ​ប្រ​ទេ​ស​ឡើងវិញ តាម​គន្លង​ថ្មី ក្រោយពី​រង​នូវ​ផលប៉ះពាល់​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​ឯកឧត្តម​បាន ថ្លែងថា បន្ថែម​ពី​ខឿន​សុខុមាលភាព​ដែល​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​កសាងឡើង​តាមរយៈ​គោលនយោបាយ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ ការចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ជាប្រចាំ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​បានល្អ នឹង​ធ្វើឱ្យ​សុខភាព​របស់​យើង​ល្អ និង​អាច​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង បង្ការ​ជំងឺឆ្លង​ផ្សេងៗ​បាន និង​អាច​សន្សំសំចៃ​ថវិកា​សម្រាប់​ក្រុមគ្រួសារ​បាន​ផងដែរ​។

​សូមបញ្ជាក់ថា ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប​ង្កើ​ត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ៤៧ អនក្រ បក ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​១៩៩៥ ក្នុង​គោលបំណង​លើកកម្ពស់​ការ អប់រំ ផ្សព្វផ្សាយ និង​ជំរុញ​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ សិស្ស និស្សិត​ឱ្យចូល​រួម​ធ្វើ​អនាម័យ កែលម្អ​សោភ័ណភាព​ទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច សំដៅ​រួមចំណែក កសាង​សង្គម​កម្ពុជា​ឱ្យមាន​បរិស្ថាន​ល្អ​ស្អាត និង​ភាពស្រស់​បំព្រង​។
​កម្ពុជា​បាន​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​នេះ​ជា​រៀងរាល់ឆ្នាំ​ក្រោម​ប្រធានបទ​ផ្សេងៗ សំដៅ​ចូលរួម​ក្នុងការ​ធានាបាន​នូវ​សោភ័ណភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ និង បរិស្ថាន​។

​នៅក្នុង​ក្របខណ្ឌ​នៃ​ការ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា នេះ​ផងដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ឯកឧត្តម នៃ គង់ អភិបាលរង​ខេត្ត បាន​ចែក​និង​ផ្សព្វផ្សាយ​ថង់​បរិស្ថាន​ជូន​ដល់​ពលរដ្ឋ​និង​អាជីវករ​នៅ​ផ្សារ​ព្រែ​ករពៅ សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ដោយ​ស្នើឱ្យ​ពលរដ្ឋ​វេច​ខ្ចប់​និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ញែក​សំរាម​តាម​ប្រភេទ និង​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ឱ្យបាន​ច្រើន​ដើម្បី​ការពារ​បរិស្ថាន​។ សំណល់​រឹង​សំរាម​ដែល​តាម​ការ​ថ្លែង​ឱ្យដឹង​របស់​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា មាន​ប្រមាណ​ជាង ១ ម៉ឺន​តោន​ក្នុង​មួយថ្ងៃ និង ១ ឆ្នាំ​ជាង ៤ លាន​តោន និង​មាន​កំណើន​ប្រមាណ ១៥% ក្នុង​មួយឆ្នាំ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​ថ្លែងថា​ក្នុង​សំណល់​សំរាម ១០០% មាន​សំណល់​សរីរាង្គ​ប្រមាណ ៦៨% សំណល់​ប្លា​ស្ទិ​ក ប្រមាណ ២០% និង​សំណល់​រឹង​ជាង ១០% ហើយ​អ្វីដែល​យើង​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​គឺ​សំណល់​ប្លា​ស្ទិ​ក ដែលជា​សំណល់​ប្រកបដោយ​គ្រោះថ្នាក់ ប្រសិនបើ​យើង​មិន​គ្រប់គ្រង​បានល្អ​ព្រោះ​សំណល់​ប្លា​ស្ទិ​កមាន​ផ្ទុក​សារធាតុ​គីមី​។

ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​បន្ត​ជំរុញ​លើ​ការអនុវត្ត​គោលនយោបាយ​ជាតិ​គ្រប់គ្រង​សំណល់​រឹង​សំរាម​ទីប្រជុំជន ដើម្បី​គ្រប់គ្រង សំណល់​រឹង​សំរាម​តាម​ទីប្រជុំជន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ គ្រប់គ្រង​អនាម័យ​បរិស្ថាន​បានល្អ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close