ឆ្នាំនេះ​! សិស្ស​ប្រឡង​ឌី​ប្ល៊ូ​ម​ជាប់​ជាង ១៤​ម៉ឺន​នាក់ ស្មើ​ជាង​៩៥%!

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​បឋមភូមិ សម័យ​ប្រឡង ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​អ្នក​ជាប់​ជាង​១៤​ម៉ឺន​នាក់ ស្មើ ប្រមាណ​ជាង​៩៥% លើ​ចំនួន​សិស្ស​ប្រឡង​សរុប​ជាង​១៥​ម៉ឺន​នាក់​។​

​ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ទៀតថា មាន​មណ្ឌល​ប្រឡង​សរុប ១.៧១៧ មណ្ឌល និង​បន្ទប់ សរុប ៧.០៦៧ បន្ទប់​។ បេក្ខជន​បាន​ចុះឈ្មោះ​ប្រឡង​សរុប ១៥៤.៨៩៩ នាក់ ស្រី ៨៣.៨២៣ នាក់ បេក្ខជន​បាន មក​ប្រឡង​សរុប ១៤៥.៦៦៨ នាក់ ស្រី ៧៩.០៥៦ នាក់ និង​បេក្ខជន​អវត្តមាន​សរុប ៩.២០២ នាក់ ស្មើនឹង ៦៣១% ស្រី ៤.៧២៦ នាក់ ស្មើនឹង ៥,៩៧%​។ បេក្ខជន​ប្រឡង​ជាប់​សរុប ១៤១.០៥៦ នាក់ ស្មើនឹង ៩៥,៩៧% ស្រី ៧៧.៤៩៥ ស្មើនឹង ៩៧,២៩%​។​

​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សម័យ​ប្រឡង ១៥ វិច្ឆិកា ២០២១ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​ប្រកបដោយ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ក្រោម​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល គណៈ​អភិបាល​រាជធានី ខេត្ត ក៏ដូចជា​ការខិតខំ​ប្រឹង​ប្រែង និង​ការដឹកនាំ ផ្ទាល់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ របស់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត និង​នាយក នាយិកា​គ្រឹះស្ថានសិក្សា​នីមួយៗ ទាំង​ការរៀបចំ​យន្តការ រដ្ឋបាល បច្ចេកទេស សន្តិសុខ សុវត្ថិភាព និង​សុខភាព ព្រមទាំង​ការអនុវត្ត​ភារកិច្ច​របស់​គណៈមេប្រយោគ និង គណៈកម្មការ​នានា ប្រកបដោយ​ភាព​ហ្មត់ចត់ និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រួមទាំង​ការចូលរួម​អនុវត្ត​បានល្អ​នូវ បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ពី​សំណាក់​បេក្ខជន​ប្រឡង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close