ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យមើលស្ថានភាពកំណាត់ផ្លូវជាតិលេខ២១បេ ដើម្បីរៀបចំជួសជុលស្តាធ្វើឱ្យប្រសើរឡើងវិញ

ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងអញ្ជើញចុះពិនិត្យមើលកំណាត់ផ្លូវជាតិលេខ២១បេ ប្រវែងប្រមាណ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធភាពនៃការជួសជុលស្តាធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវនេះដោយប្រើគ្រឿងចក្រStabilizer ដែលជាបច្ចេកវិទ្យាទំនើប អាចកាត់បន្ថយផលប៉ះពាល់ចរាចរណ៍ ផលប៉ះពាល់បរិស្ថាននិងអាចជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋបានរហ័សទាន់ពេលវេលា។

ថ្លែងក្នុងដំណើរចុះពិនិត្យផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបច្ចេកទេសក្រោមឱវាទអនុវត្តការងារជួសជុលផ្លូវនេះឱ្យបានរួចរាល់លឿនបំផុត និងមានគុណភាពរឹងមាំ កុំឱ្យគេថាធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ធ្វើយ៉ាងណាបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលសាងសង់ មិនបង្កការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវអនុវត្តការសាងសង់ នៅចន្លោះម៉ោងណាដែលមានចរាចរណ៍តិចដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងយកចិត្តទុកដាក់ពន្លឿនការងារសាងសង់ឱ្យបានឆាប់រហ័សផងដែរ។
សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ២១បេ នេះ មានប្រវែងសរុប ១២,៣៣ គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១ ដោយឆ្លងកាត់ស្ពានព្រែកសំរោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។