ការឆ្លង​កូ​វីដ​១៩ កើនឡើង​ខ្ពស់​នៅ​តំបន់​អឺរ៉ុប​ដោយសារតែ​ចាក់​វ៉ាក់សាំង​បាន​តិច​

​អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្រមាន​ថា អឺរ៉ុប​កំពុងតែ​ដើរ​ថយក្រោយ​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ទាំងនោះ​ហើយ​អាចធ្វើ​ឲ្យ​អ្នកស្លាប់​នៅក្នុង​តំបន់​នេះ​កើនឡើង​ខ្ពស់​។​

​អគ្គនាយក WHO ប្រចាំ​នៅ​តំបន់​អឺរ៉ុប​លោក Robb Butler បាន​លើកឡើងថា មាន​ពលរដ្ឋ​ទើបតែ​៥៤%​ប៉ុណ្ណោះ​ក្នុងចំណោម​ពលរដ្ឋ​១​ពាន់​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ពីរ​ដូ​ស ។ ទាំង​នោះបាន​បង្ក​ផល​លំបាក​យ៉ាងខ្លាំង ដល​រដ្ឋាភិបាល​បណ្តា​ប្រទេស​អឺរ៉ុប​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩»​។​

​បច្ចុប្បន្ន​អឺរ៉ុប​មាន​ករណី​ស្លាប់​ដោយ​កូ​វីដ ១៩ ជាង ១,៥​លាន​នាក់ និង​ឆ្លង​រាលដាល​ជាង ៨១,៤​លាន​នាក់ ។ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា នៅពេល​ខាងមុខ​អឺរ៉ុប​អាច​នឹងមាន​ករណី​ស្លាប់​បន្ថែម ៧​សែន​នាក់​ទៀត ។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាស ថា វ៉ាក់សាំង​បង្ការ COVID-19 ទាំងឡាយ អាច​កាត់បន្ថយ​ការឆ្លង​មេរោគ​បំប្លែង​ខ្លួន Delta បាន​ក្នុង​រង្វង់ ៤០% ។​

​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាន​ថ្លែងថា ប្រជាជន​ជាច្រើន​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច កំពុង​គិតថា​វ៉ាក់សាំង​អាច​ការពារ​ពួកគេ​បាន ហើយ​ពួកគេ​មិនចាំបាច់​ត្រូវការ អនុវត្ត​វិធានការ​ការពារ​ខ្លួន​អ្វី​ទៀត​នោះឡើយ​។​

​អគ្គនាយក WHO រូបនេះ បាន​ជំរុញ​ឲ្យ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច នៅ​ទូទាំង​ពិភពលោក ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​វិធានការ​សុវត្ថិភាព ដើម្បី​ចៀសវាង​ការឆ្លង​រោគ ហើយ​ចម្លង​បន្ត​ទៅកាន់​អ្នកដទៃ​។ លោក Tedros បាន​សង្កត់ធ្ងន់ថា មនុស្ស​គ្រប់គ្នា​ត្រូវតែ​យល់ដឹង​អំពី​ឥទ្ធិពល​នៃ​វីរុស​បំប្លែង​ខ្លួន Delta ហើយ​ទិន្នន័យ​ថ្មី​ខាងលើនេះ​ពិតជា​បង្ហាញថា វ៉ាក់សាំង​មិនមាន​ប្រសិទ្ធភាព​ទាំងស្រុង ដើម្បី​ការពារ​អ្នក​មិន​ឲ្យ​ឆ្លង​វីរុស​នេះឡើយ​។​

​បើតាម​ការប្រៀបធៀប​ទិន្នន័យ​ពី WHO, នៅមុន​ការមកដល់​នៃ​វីរុស Delta វ៉ាក់សាំង​អាច​កាត់បន្ថយ​ការឆ្លង​រាតត្បាត COVID-19 បាន​រហូតដល់​ទៅ ៦០% ឯណោះ​។ ក៏ប៉ុន្តែ​នៅពេល​វីរុស​បំប្លែង​ខ្លួន Delta នេះ​ចាប់ផ្តើម​លេច​វត្តមាន និង​រាតត្បាត​ខ្លាំង​ឡើង ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ជារួម បាន​ថមថយ​មក​នៅត្រឹម ៤០% ប៉ុណ្ណោះ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close