សឹង្ហបុរី ស្នើសុំការពិភាក្សាជាមួយកម្ពុជា ក្នុងការពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះថ្លែងចូលរួមរំលែកការលំបាករបស់រដ្ឋាភិបាលសឹង្ហបុរី ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ ដោយសម្ដេចបានបន្តថារដ្ឋាភិបាលសឹង្ហបុរី និងរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងអនុវត្តសកម្មភាពដូចគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការអនុវត្តវិធានការសុខាភិបាលចាំបាច់ផ្សេងៗ។
លោកជំទាវ Teo Lay Cheng ឯកគ្គរដ្ឋទូតសឹង្ហបុរី បានថ្លែងថា ជំនួបនាឱកាសនេះ លោកជំទាវមានគោលបំណងណែនាំខ្លួនក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំនៅព្រះរាជាណាចកម្ពុជា និងស្នើសុំការជជែកពិភាក្សាជាមួយសម្ដេចពាក់ព័ន្ធនឹងកិច្ចការផ្សេងៗដែលលោកជំទាវអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃជាមួយផ្នែកពាក់ព័ន្ធរបស់សឹង្ហបុរី។
លោកជំទាវក៏បានជម្រាបជូនសម្ដេចដែរថាកន្លងមកប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាជិតស្និតលើកិច្ចការមួយចំនួនក្នុងវិស័យអនុវត្តច្បាប់ ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធអាវុធ ដែលការងារនេះកម្ពុជាផ្ទាល់ក៏ជាប្រទេសទទួលដឹកនាំលើវិស័យនេះក្នុងក្របខណ្ឌអាស៊ាន។ លោកជំទាវក៏បានជម្រាបជូនសម្ដេចអំពីការកាន់តួនាទីជាប្រធានអាស៊ាន និងការងារទីក្រុងឆ្លាត (Smart City) ដែលក្រសួងមហាផ្ទៃក៏ជាស្ថាប័នដឹកនាំការងារនេះក្នុងកិច្ចប្រជុំអាស៊ានផងដែរ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាជាការពិត នៅឆ្នាំ២០២២ខាងមុខនេះ សម្ដេចក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ និងក៏ត្រូវធ្វើជាប្រធានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងទីក្រុងឆ្លាត (Smart City) នេះដែរ។ សម្ដេចបន្តថាសម្ដេចនឹងបន្តខិតខំចូលរួមចំណែកគ្រប់លទ្ធភាពធ្វើយ៉ាងណាសម្របសម្រួលឱ្យកិច្ចការសំខាន់ៗទាំងពីរនេះទទួលបានជោគជ័យ បំរើផលប្រយោជន៍ផលប្រយោជន៍ប្រជាជនកម្ពុជា និងសហគមន៍អាស៊ាន។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា កន្លងមកក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសឹង្ហបុរី ធ្លាប់មានការចុះអនុស្សារណៈជាមួយគ្នា និងទើបតែផុតសុពលភាពមួយរយៈកន្លងមក ហើយសម្ដេចតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតនាឱកាសនេះ សូមស្នើបន្តពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សារណៈឬកិច្ចព្រមព្រៀងបន្តទៀតដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ស្របពេលដែលមកដល់ពេលនេះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងវិស័យពាណិជ្ជកម្មកាន់តែមានការរីកចំរើនជាលំដាប់។ សម្ដេចក៏បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាតាមរយៈកិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់នេះនឹងរួមចំណែកការពារនូវផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។