កម្ពុជា ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ «​ម៉ូ​ដឺ​ណា​»​ជាង​១៨​ម៉ឺន​ដូ​ស ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​

​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ «​ម៉ូ​ដឺ​ណា (Moderna)» ដែលជា​វ៉ាក់សាំង​ផលិត​នៅ​សហរដ្ឋអាមេរិក ប្រមាណ ១៨៨,១៦០​ដូ​ស បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​។ ​វ៉ាក់សាំង​នេះ គឺជា​ជំនួយ​របស់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ។

​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ គឺជា​យន្តការ​អន្តរជាតិ​មួយ ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​នានា ដើម្បី​ស្វះ​ស្វែងរក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រទេស​ក្រីក្រ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។​

​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេសមួយ ដែល​ត្រូវបាន​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​កំណត់​ជា​ប្រទេស​ត្រូវ​ផ្តល់នូវ​ជំនួយ​វ៉ាក់សាំង ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។ មជ្ឈមណ្ឌល​កូ​វ៉ា​ក់ បានកំណត់​ផ្តល់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​-១៩ ប្រមាណ ៦.៦​លាន​ដូ​ស​មកដល់​ប្រទេស​កម្ពុជា​ក្នុង​ជំហាន​ដំបូង​។ មកដល់ពេលនេះ​វ៉ាក់សាំង​ប្រមាណ​ជិត ៣​លាន​ដូ​ស​ហើយ ដែល​កូ​វ៉ា​ក់ បាន​បញ្ជូន​មកដល់​ប្រទេស​ប្រទេស​កម្ពុជា​។​

​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ គឺជា​យុទ្ធសាស្ត្រ​ចម្បង​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ មកដល់​ពេលបច្ចុប្បន្ន​នេះ កម្ពុជា រកបាន​វ៉ាក់សាំង​សរុប​ជាង ៤០​លាន​ដូ​ស​។ ក្នុងនោះ​ជាង ៣០​លាន​ដូ​ស​ជា​វ៉ាក់សាំង ដែល​កម្ពុជា បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close