អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ព្រឹត្តិការណ៍ «​រំលឹក​គុណ​អង្គរ​» នៅ​ពាក់កណ្ដាល​ខែធ្នូ​នេះ​

ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ព្រឹត្តិការណ៍ «​រំលឹក​គុណ​អង្គរ​» នៅ​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០២១ ក្នុង​គោលបំណង​ដើម្បី​រំលឹក​គុណ​ដល់​បុព្វការី​ជន ព្រះមហាក្សត្រ ព្រះមហាក្សត្រី​ជំនាន់​មុន ដែល​បាន​កសាង​សំណង់​ប្រាសាទ​ជាច្រើន​ក្នុង​រមណីយដ្ឋាន​អង្គរ និង​អ្នកគ្រប់គ្រង អភិរក្ស ជួសជុល ថែទាំ រក្សា​សំណង់​ប្រាសាទ​អង្គរ​គ្រប់​ជំនាន់​ដើម្បី​ជា​សារប្រយោជន៍​សម្រាប់​សង្គម​ជាតិ​រហូតដល់​បច្ចុប្បន្ន​។​

នាឱកាស​នោះ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​មើល​ទីតាំង​សំខាន់ៗ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ រួមមាន នៅមុខ​ប្រាសាទអង្គរវត្ត បរិវេណ​ខាងមុខ​ប្រាសាទភ្នំបាខែង និង​ព្រះ​លានជល់ដំរី​។​

​ឯកឧត្តម ជុំ សុភ​មករា អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍ថា​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​នឹង​គ្រោង​រៀបចំ ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ដែលមាន​កម្មវិធី​សាសនា ការសម្ដែង​សិល្បៈ​នៅពេល​រាត្រី និង​ស្ដង់​ពិព័រណ៍​បង្ហាញ​ពី​ការងារ និង​សមិទ្ធផល​ការងារ​ទូទៅ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​សម្រេចបាន​ដើម្បី​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ ដែលជា​មរ​ត៌​ក​បេតិកភណ្ឌ​ពិភពលោក​។

​ឯកឧត្តម​បញ្ជាក់ថា ឆ្នាំនេះ​ជា​ឆ្នាំ​សាកល្បង ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ចាប់ពី​ឆ្នាំ​២០២២​តទៅ ។ ដោយឡែក ក៏​នឹងមាន​ព្រឹត្តិការណ៍​សាសនា និង​សម្ដែង​សិល្បៈ ឧ​ប​ត្ត​ម្ភ​ទាំងស្រុង​ដោយ​វិស័យ​ឯកជន​ផងដែរ មុន​កិច្ចដំណើរការ​បើក​ពិធី​ចាប់ពី​ថ្ងៃទី​១៤ នៅ​ចន្លោះ​ថ្ងៃទី​១២-១៣ ខែធ្នូ ឆ្នាំ​២០២១ ផងដែរ​។​

​ព្រឹត្តិការណ៍​នេះ ក៏​នឹង​បើកឱកាស​ដល់​សាធារណជន​អាច​ចុះឈ្មោះ​ដើម្បី​ទស្សនកិច្ច​ស្វែងយល់​អំពី​ការងារ​នៅតាម​ការដ្ឋាន​ជួសជុល​ប្រាសាទ​នានា​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​ផងដែរ​។ បន្ថែម​លើស​នេះ សាធារណជន​ក៏​អាច​ដឹង​កាន់តែច្បាស់​ពី​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close